មន្ត្រីកងរាជអាវុធហត្ថបង្កហិង្សាលើយុវតីម្នាក់ ត្រូវបានផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានី

មន្ត្រីកងរាជអាវុធហត្ថបង្កហិង្សាលើយុវតីម្នាក់ ត្រូវបានផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានី

ភ្នំពេញ÷ កងរាជអាវុធហត្ថសម្រេចស្នើសុំផ្អាកមុខ តំណែង និងបញ្ជូនសំណុំរឿង ជនប្រព្រឹត្តបទល្មើស ឈោ្មះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខណា ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង២០និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស និងបានសហការផ្ទេរសមត្ថកិច្ចឱ្យមកកងរាជអាវុធហត្ថ ដោយសារ បុគ្គលប្រព្រឹត្តបទល្មើសជាយោធិន ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ។

មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ប្រមូលវត្ថុតាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សី និងចម្លើយរបស់ ឈ្មោះ ឈឹម ឆែម ពិតជា បានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន។

កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿង ជនប្រព្រឹត្តបទល្មើសឈោ្មះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

img 20251024 164015 604 img 20251024 164015 171 img 20251024 164015 177 img 20251024 164015 090

Scroll to Top