ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបុរសម្នាក់ទៀត បានរងរបួសបាក់ជើងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក Lexus LX600 បុកជាមួយរថយន្ត Lexus RX330 បណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំ និងបុករះចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទល់មុខក្លោងទ្វារចូលវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-5255 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចក្លោងទ្វារវត្តសំរោងអណ្តែត រថយន្តបានបត់ឆ្វេងក្នុងគោលបំណងឆ្លងផ្លូវចូលទៅក្នុងវត្ត។
ប្រភពដដែលបានបន្តថា ខណៈរថយន្ត Lexus RX330 កំពុងបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តម៉ាក Lexus LX600 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា RLS 4050 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលទៅបុកចំផ្នែកខាងស្តាំរបស់រថយន្ត Lexus RX330 យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ត Lexus RX330 រេចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋ ខណៈរថយន្ត Lexus LX600 មិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកគម្របលូ បណ្តាលឱ្យក្រឡាប់ផ្ងារជើង។
ក្នុងហេតុការណ៍នេះ រថយន្តទាំង២គ្រឿង និងផ្ទះប្រជាពលរដ្ឋបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ចំណែកអ្នកបើកបររថយន្តទាំង២នាក់ ដែលសុទ្ធតែជាបុរស បានរងរបួសបាក់ជើង និងត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានលើកឡើងថា គ្រោះថ្នាក់នេះអាចបណ្តាលមកពីកត្តាខ្វះការប្រុងប្រយ័ត្ន និងការមិនយោគយល់គ្នាក្នុងការបើកបរ ដោយរថយន្ត Lexus RX330 បានបត់ឆ្លងផ្លូវភ្លាមៗ ដោយមិនបានឈប់រង់ចាំ ឬពិនិត្យមើលស្ថានភាពចរាចរណ៍ឱ្យបានច្បាស់លាស់ ខណៈរថយន្ត Lexus LX600 ក៏មិនបានបន្ថយល្បឿននៅចំណុចផ្លូវបំបែកដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ដើម្បីចុះវាស់វែង និងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា អ្នកបើកបររថយន្ត Lexus LX600 គឺលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕


