ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៧៣គ្រួសារ (ក្នុងនោះបាក់រលំផ្ទះទាំងស្រុងចំនួន ១៧គ្រួសារ) ដែលរស់នៅក្នុងឃុំចារ និងឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ពិធីមនុស្សធម៌នេះបានរៀបចំឡើងនៅក្នុងបរិវេណវត្តចារ ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ដោយមានការចូលរួមយ៉ាងសកម្មពីលោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងក្រុមការងារ និងសហការីអមដំណើរជាច្រើនរូប។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះ ព្រមទាំងបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយគ្មានការយកចិត្តទុកដាក់នោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត និងលោកអភិបាលស្រុក ក៏បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះបាតុភូតធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំង ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ។
ការផ្តល់ជំនួយមនុស្សធម៌នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលទុក្ខលំបាក និងជួយដោះស្រាយជីវភាពចំពោះមុខរបស់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា និងឆ្លើយតបទៅនឹងស្មារតី «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»៕


