រាជធានីភ្នំពេញ៖ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចេញសារក្រើនរំលឹក និងចែករំលែកដោយសេចក្តីគោរព និងស្មោះស្ម័គ្រ ជូនចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងបំពេញការងារលើសពីដែនកំណត់នៃវិជ្ជាជីវៈ និងរំលោភលើក្រមសីលធម៌សារព័ត៌មាន ព្រមទាំងច្បាប់ជាធរមាន។
ការចេញមុខក្រើនរំលឹកនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូចបាននិងកំពុងអនុវត្តតួនាទីប្រាសចាកអំពីក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ បញ្ហាដ៏គួរឱ្យព្រួយបារម្ភនោះ គឺការដើរតួនាទីជំនួសឱ្យសមត្ថកិច្ចនគរបាលយុត្តិធម៌ ឬស្ថាប័នតុលាការ តាមរយៈការសាកសួរដេញដោលបែបគាបសង្កត់ ការកាត់សេចក្ដីដាក់បន្ទុកលើបុគ្គល និងការផ្សាយបន្តផ្ទាល់ ឬបង្ហោះរូបភាព និងវីដេអូដោយពុំបានបិទបាំងមុខជនសង្ស័យ ជនរងគ្រោះ ឬអនីតិជន។
លោក មីន ចាន់ធី បានគូសបញ្ជាក់ថា ទង្វើទាំងនេះគឺជាការរំលោភលើគោលការណ៍ «សន្មតជាមុនថាគ្មានទោស» ដែលជនគ្រប់រូបត្រូវចាត់ទុកថាគ្មានទោស ដរាបណាពុំទាន់មានសាលក្រមស្ថាពរពីតុលាការ។ លើសពីនេះ ការបង្ហាញមុខជនសង្ស័យដោយចំហ មិនត្រឹមតែបំផ្លាញអនាគត និងកិត្តិយសរបស់សាមីខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសក្រុមគ្រួសារ និងកូនចៅដែលគ្មានកំហុស ព្រមទាំងអាចធ្វើឱ្យបែកការសម្ងាត់នៃការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញថែមទៀតផង។
ដើម្បីរួមគ្នាលើកកម្ពស់សេចក្ដីថ្លៃថ្នូរ ភាពស្អាតស្អំ និងការពារតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពរូបនេះ បានធ្វើការអំពាវនាវ និងក្រើនរំលឹកនូវចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
១. អ្នកសារព័ត៌មានមានតួនាទីត្រឹមជាអ្នកកត់ត្រា ស្រាវជ្រាវ និងរាយការណ៍ហេតុការណ៍ពិតជូនសាធារណជនតែប៉ុណ្ណោះ ពុំមែនជាសមត្ថកិច្ចស៊ើបអង្កេត ឬជាចៅក្រមកាត់សេចក្ដីឡើយ។ ត្រូវបញ្ឈប់ការសាកសួរដេញដោលបែបដាក់បន្ទុក ឬការសន្និដ្ឋានជំនួសស្ថាប័នច្បាប់។
២. រាល់ការផ្សព្វផ្សាយព័ត៌មាន វីដេអូ ឬរូបភាពទាក់ទងនឹងបទល្មើស ត្រូវតែបិទបាំងមុខរបស់ជនសង្ស័យ ជនរងគ្រោះ និងជាពិសេសអនីតិជនឱ្យបានត្រឹមត្រូវបំផុត ដើម្បីការពារសិទ្ធិមនុស្ស និងសេចក្ដីថ្លៃថ្នូរនៃក្រុមគ្រួសាររបស់ពួកគេ។
៣. រាល់ការចុះផ្សាយព័ត៌មាន ត្រូវឈរលើមូលដ្ឋានពិត មានប្រភពច្បាស់លាស់ ផ្ទៀងផ្ទាត់គ្រប់ជ្រុងជ្រោយ និងផ្ដល់សិទ្ធិបំភ្លឺដល់ភាគីពាក់ព័ន្ធ ដោយមិនត្រូវគិតតែពីការទាក់ទាញចំនួនអ្នកទស្សនា (Views) ឬការបញ្ចេញមតិលម្អៀងឡើយ។
៤. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ក្រមនីតិវិធីព្រហ្មទណ្ឌ និងគោលការណ៍ណែនាំនានារបស់ក្រសួងព័ត៌មាន ដើម្បីចៀសវាងការប្រឈមមុខចំពោះផ្លូវច្បាប់។
ជាកិច្ចបញ្ចប់ លោក មីន ចាន់ធី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអ្នកសារព័ត៌មានទាំងអស់នឹងបន្តរួមសាមគ្គីគ្នា ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ ប្រជាពលរដ្ឋ និងចូលរួមថែរក្សាសុខសន្តិភាពប្រកបដោយចីរភាព៕


