ខេត្តកំពង់ឆ្នាំង៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កម្លាំងសមត្ថកិច្ចចម្រុះបានស្ទាក់ចាប់ និងឃាត់យានយន្តដឹកជញ្ជូនផលនេសាទខុសច្បាប់ប្រភេទ «លៀសចំណី» ជាង ៤តោន ដែលដឹកចេញពីស្រុកបរិបូណ៌ ឆ្ពោះទៅកាន់ខេត្តតាកែវ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងបង្ក្រាបបទល្មើសនេសាទ ទិសទី១ ឆ្នុកទ្រូ និងទិសទី៣ ស្រុកជលគិរី សហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល។ ក្នុងការចុះត្រួតពិនិត្យនោះ សមត្ថកិច្ចបានឃាត់រថយន្តម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8124 បើកបរដោយឈ្មោះ យ៉ាត់ ចាន់តារា ភេទប្រុស អាយុ ២៣ឆ្នាំ ដែលកំពុងដឹកលៀសចំណីចំនួន ៥៥បេ ស្មើនឹង ៤,១២៥គីឡូក្រាម។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាននាំយករថយន្ត និងវត្ថុតាងមកកាន់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តនីតិវិធី។ ចំពោះអ្នកបើកបរ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យាណែនាំ មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ចំណែកមធ្យោបាយនិងវត្ថុតាងត្រូវដកហូតរក្សាទុកបណ្ដោះអាសន្ន។
លុះដល់ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារបង្ក្រាបបទល្មើសនេសាទទាំង៣ទិស នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងពលតូចលេខ៧០ បាននាំយករលៀសចំណីទាំងសន្ធឹកសន្ធាប់នោះ ទៅ ចាក់លែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីធានាដល់កិច្ចអភិរក្ស និងការកើនឡើងវិញនៃវារីសត្វក្នុងធម្មជាតិ៕


