សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជម្រើសបន្ថែមជូនលោក អ៊ុំ សំអាន ក្នុ្នងការចាត់តាំងតំណាង ដើម្បីមកផ្ទៀងផ្ទាត់រឿងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២-៥៩

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជម្រើសបន្ថែមជូនលោក អ៊ុំ សំអាន ក្នុ្នងការចាត់តាំងតំណាង ដើម្បីមកផ្ទៀងផ្ទាត់រឿងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២-៥៩

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ នេះ បានចេញសារពិសេសមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ឆ្លើយតបទៅនឹងលោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការចោទប្រកាន់លើការងារព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចំនួនបីក្នុងតំបន់អាស៊ីកណ្ដាល (អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្តង់) និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៧ នៃ CICA សម្តេចធិបតីបានសង្កេតឃើញថា លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់តាមបណ្តាញសង្គម និងការសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ សម្តេចធិបតីបានគូសបញ្ជាក់នូវចំណុចសំខាន់ៗចំនួន ៣ ដែលលោក អ៊ុំ សំអាន បានបង្ហាញនាពេលកន្លងមក រួមមាន៖

១. ការបារម្ភពីសុវត្ថិភាព៖ លោក អ៊ុំ សំអាន មិនហ៊ានធ្វើដំណើរមកប្រទេសកម្ពុជា ទោះជាមានការធានាសុវត្ថិភាពច្បាស់លាស់ពីសំណាក់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ។

២. ខ្វះមូលដ្ឋានភស្តុតាងច្បាស់លាស់៖ ការចោទប្រកាន់របស់លោក គឺផ្អែកលើការឮតៗគ្នា ឬតាមព័ត៌មានមួយចំនួន ដោយគ្មានឯកសារផ្លូវការច្បាស់លាស់ឡើយ។

៣. ការគេចវេស៖ ការព្យាយាមបង្កើតលក្ខខណ្ឌផ្សេងៗ និងទាមទារឱ្យមានការលើកលែងទោស ដើម្បីគេចចេញពីការបង្ហាញភស្តុតាងជាក់ស្តែង។

ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ និងផ្តល់ឱកាសឱ្យមានការផ្ទៀងផ្ទាត់ដោយតម្លាភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់នូវ «ជម្រើសបន្ថែមមួយទៀត» ក្នុងករណីដែលលោក អ៊ុំ សំអាន មិនហ៊ានអញ្ជើញមកដោយផ្ទាល់៖

លោក អ៊ុំ សំអាន អាចចាត់តាំង «តំណាង ឬក្រុមតំណាង» (អាចជាអ្នករស់នៅក្រៅប្រទេស ឬនៅក្នុងស្រុក) ឱ្យមកជជែក និងផ្ទៀងផ្ទាត់ផ្ទាល់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ដោយរាជរដ្ឋាភិបាលធានាសុវត្ថិភាពជូនពេញលេញ។ ទន្ទឹមនឹងនេះ លោក អ៊ុំ សំអាន ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៤ ចំណុច៖

១. ប្រគល់សិទ្ធិពេញលេញជូនតំណាងក្នុងការជជែក និងផ្ទៀងផ្ទាត់ជាមួយក្រុមការងាររាជរដ្ឋាភិបាល។

២. ប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ជូនទៅតំណាង។

៣. ទទួលស្គាល់រាល់ខ្លឹមសារដែលតំណាងបានលើកឡើង និងពិភាក្សា។

៤. ទទួលស្គាល់លទ្ធផលផ្លូវការដែលកើតចេញពីការជជែក និងផ្ទៀងផ្ទាត់នោះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលស្វាគមន៍ជានិច្ចចំពោះជម្រើសទាំងពីរ — ទោះជាលោក អ៊ុំ សំអាន អញ្ជើញមកដោយផ្ទាល់ ឬចាត់តាំងតំណាងមកជំនួសក៏ដោយ ដោយការធានាសុវត្ថិភាពនៅតែមានតម្លៃដដែល។

សម្តេចធិបតីក៏បានអំពាវនាវឱ្យលោក អ៊ុំ សំអាន ធ្វើការសម្រេចចិត្តដោយត្រង់ទៅត្រង់មក និងឈប់បង្កើតលេសគេចវេស ដើម្បីឱ្យរាជរដ្ឋាភិបាលអាចយកពេលវេលាទៅបម្រើជាតិ និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយការទទួលខុសត្រូវខ្ពស់៕

Scroll to Top