ខេត្តកណ្តាល៖ ក្រោយពីមានការចុះផ្សាយពីសំណាក់បណ្តាញសារព័ត៌មាន ពេញចិត្តមេឌា ដែលបានឆ្លុះបញ្ចាំងពីភាពអសកម្ម និងការទទូចរបស់ប្រជាពលរដ្ឋឱ្យអភិបាលក្រុងតាខ្មៅជួយរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរជុំវិញផ្សារតាខ្មៅចាស់នោះ ឥឡូវនេះ អាជ្ញាធរក្រុងបានចេញមុខអន្តរាគមន៍ជាបន្ទាន់ហើយ។ ប៉ុន្តែ បើទោះបីជាមានការចុះរៀបចំនេះក្ដី ក៏មហាជន និងប្រជាពលរដ្ឋនៅតែបន្តដាក់ការសង្ស័យ និងរំលឹកចំៗថា៖ កុំធ្វើគ្រាន់តែយកមុខយកមាត់ ឬធ្វើ «តែមួយភ្លើងចំបើង» រួចទុកឱ្យភាពអាណាធិបតេយ្យត្រឡប់មកវិញឱ្យសោះ!
គួរបញ្ជាក់ថា តាមការបញ្ជាក់របស់រដ្ឋបាលក្រុងតាខ្មៅ ក្រោយពេលលោកអភិបាលក្រុង លីវ វណ្ណថេង ចុះពិនិត្យផ្ទាល់នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកបានចង្អុលបង្ហាញឱ្យលោក ឡាយ សំរិទ្ធ អភិបាលរងក្រុង ដឹកនាំកម្លាំងការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខផ្សារ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារតាខ្មៅចាស់ ដោយកំណត់ពេលអប់រំផ្សព្វផ្សាយរយៈពេល ២ថ្ងៃ (ថ្ងៃទី២០-២១ ខែតុលា) និងអនុវត្តវិធានការរដ្ឋបាលនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។
ទោះបីជាកិច្ចការចុះអប់រំ និងរៀបចំនេះជាសញ្ញាវិជ្ជមានក៏ដោយ ប៉ុន្តែបទពិសោធន៍ដែលធ្លាប់កើតមានកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវសាធារណៈមិនសូវជាទុកចិត្តប៉ុន្មានទេ ប្រសិនបើអាជ្ញាធរគ្រាន់តែធ្វើឡើងដើម្បី «លុបបំបាត់ការរិះគន់ក្នុងរយៈពេលខ្លី»។
ពលរដ្ឋបានលើកឡើងយ៉ាងដាច់អហង្ការថា មិនចង់ឃើញអាជីវករយកផ្លូវ និងចិញ្ចើមផ្លូវមកធ្វើជាទីតាំងលក់ដូរជាទ្រង់ទ្រាយអាណាធិបតេយ្យបន្តទៀតឡើយ ព្រោះវាបង្កការកកស្ទះចរាចរណ៍ និងបាត់បង់សោភ័ណភាពទីក្រុង។
ឈប់ធ្វើ «តែមួយភ្លើងចំបើង» ប្រជាពលរដ្ឋមិនចង់ឃើញកម្លាំងសមត្ថកិច្ចចុះរៀបចំសំរុកខ្លាំងតែពេលមានព័ត៌មាន ឬពេលមានអ្នកអធិការកិច្ចចុះមកពិនិត្យ លុះពេលស្ងាត់បន្តិច ភាពរញ៉េរញ៉ៃក៏កើតមានឡើងវិញដដែលនោះទេ។
មហាជនរស់នៅក្នុងក្រុងតាខ្មៅ រំពឹងយ៉ាងមុតមាំថា ការចុះអនុវត្តវិធានការរដ្ឋបាលនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នឹងត្រូវធ្វើឡើងដោយ ភាពម៉ឺងម៉ាត់ ស្មើភាព និងមាននិរន្តរភាពពិតប្រាកដ៕
សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពក្រុង មិនអាចរក្សាបានដោយសារ «រូបភាពកាសែត ឬការចុះធ្វើតាមអំពើចិត្ត» នោះឡើយ ប៉ុន្តែវាទាមទារឱ្យមានការល្បាត ត្រួតពិនិត្យ និងដាក់បទបញ្ជាម៉ឺងម៉ាត់ជាប្រចាំពីសំណាក់អាជ្ញាធរក្រុង សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបទីក្រុងតាខ្មៅក្លាយជាទីក្រុងមានរបៀបរៀបរយ និងគួរឱ្យចង់រស់នៅពិតប្រាកដ!


