តាកែវ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពសោម និងមណ្ឌលសុខភាពតាអូ ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យនេះ លោកប្រធានមន្ទីរ និងក្រុមការងារ បានបន្តចុះពិនិត្យសកម្មភាពវាស់វែង និងថ្លឹងទម្ងន់កុមារអាយុក្រោម៥ឆ្នាំ នៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ដែលស្ថិតក្រោមការគ្របដណ្តប់របស់មណ្ឌលសុខភាពសោម។
សកម្មភាពនេះមានគោលបំណងស្វែងរក និងកំណត់អត្តសញ្ញាណកុមារដែលអាចប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ដើម្បីឱ្យកុមារដែលត្រូវការជំនួយទទួលបានការថែទាំ និងការព្យាបាលបានទាន់ពេលវេលា ព្រមទាំងរួមចំណែកលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់កុមារនៅតាមមូលដ្ឋាន។
បន្ទាប់មក ក្រុមការងារបានបន្តចុះពិនិត្យសកម្មភាពនៅភូមិជាវប្តីខាងកើត ឃុំតាអូ ស្រុកគិរីវង់ ដែលស្ថិតក្រោមការគ្របដណ្តប់របស់មណ្ឌលសុខភាពតាអូ និងស្រុកប្រតិបត្តិគិរីវង់។
ការចុះពិនិត្យនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប្រាក់ សុណ្ណារិទ្ធ ប្រធានកម្មវិធីសុខភាពមាតា និងទារក (MCH) ខេត្ត លោក នៅ ក្ដុល ប្រធានស្រុកប្រតិបត្តិគិរីវង់ ព្រមទាំងមន្ត្រីសុខាភិបាល និងសហការីពាក់ព័ន្ធ។
តាមរយៈការចុះពិនិត្យផ្ទាល់នៅមូលដ្ឋាននេះ ក្រុមការងារបានតាមដានការផ្តល់សេវាសុខាភិបាល និងជំរុញការអនុវត្តសកម្មភាពសុខភាពមាតា និងកុមារ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការរកឃើញកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ ដើម្បីផ្តល់ការគាំពារ និងអន្តរាគមន៍សុខភាពឱ្យបានទាន់ពេលវេលា៕


