បង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាសបំផ្លាញឧបករណ៍ស្បៃមុង ២០មាត់ និងឧបករណ៍ល្មើសជាច្រើនទៀត

បង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាសបំផ្លាញឧបករណ៍ស្បៃមុង ២០មាត់ និងឧបករណ៍ល្មើសជាច្រើនទៀត

ខេត្តកំពង់ចាម៖ ក្នុងបេសកកម្មចុះប្រតិបត្តិការត្រួត ពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ បានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ មានឧបករណ៍ស្បៃមុង ២០មាត់ ប្រវែង ៥៦០ម៉ែត្រ រួមនឹងបានបំផ្លាញចោលនូវឧបករណ៍ល្មើសជាច្រើនទៀត នៅនឹងកន្លែងផ្ទាល់ ។

បើតាម លោក លី ស្រុី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ២ករណី ខាងលើ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ ក្នុងនោះ មន្ត្រីជំនាញបានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖ ករណីទី១ នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ មានឧបករណ៍ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ និងបង្គោលចម្រឹង ១២០ដើម ។ និងករណីទី២ នៅចំណុចស្ពានអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស មានឧបករណ៍ស្បៃមុង ចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៣២០ម៉ែត្រ និងបង្គោលចម្រឹង ១៦០ដើម ។ 

ដោយឡែក ក្នុងចុះបង្ក្រាបបទល្មើសទាំងពីចំណុចខាងលើ មន្ត្រីជំនាញ ក៏បានចាក់លែងកូនត្រីចម្រុះទម្ងន់ ១១គីឡូក្រាម ចូលបឹងធម្មជាតិ វិញផងដែរ ៕

Scroll to Top