ប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅស្រុកបាទី៖ អ្នកញៀនល្បែងរត់គេចខ្លួន បន្សល់ទុកម៉ូតូ ២គ្រឿង មហាជនចោទសួរ លោក មូល សារ៉ាត់ អធិការស្រុកកំពុងធ្វើអ្វី?

ប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅស្រុកបាទី៖ អ្នកញៀនល្បែងរត់គេចខ្លួន បន្សល់ទុកម៉ូតូ ២គ្រឿង មហាជនចោទសួរ លោក មូល សារ៉ាត់ អធិការស្រុកកំពុងធ្វើអ្វី?

ស្រុកបាទី៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងអាវុធហត្ថស្រុក ចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដោយផ្ទាល់ដៃ ស្ថិតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការចុះបង្រ្កាបភ្លាមៗនោះ ក្រុមអ្នកញៀនល្បែងបានដឹងខ្លួន និងរត់គេចខ្លួនបាត់ស្រមោលអស់ ដោយបានបន្សល់ទុកម៉ូតូចំនួន ២គ្រឿង នៅកន្លែងកើតហេតុ។ បច្ចុប្បន្ន វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូត និងរក្សាទុកដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

យ៉ាងណាមិញ ប្រតិបត្តិការខាងលើនេះបាន និងកំពុងចោទជាសំនួរយ៉ាងក្តៅគគុកពីសំណាក់មហាជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រហូតឈានដល់ការរិះគន់ និងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើ លោក មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី។ ប្រជាពលរដ្ឋបានសម្តែងការងឿងឆ្ងល់ថា «តើរាល់ថ្ងៃនេះ លោកអធិការ មូល សារ៉ាត់ កំពុងតែធ្វើអ្វី? ទើបគ្មានចំណាត់ការ ឬការបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះ?»

ប្រភពពីពលរដ្ឋបានបន្តទៀតថា វាមិនមែនជាលើកទី១ នោះទេ ដែលគេសង្កេតឃើញ លោក សាយ វណ្ណៈ អភិបាលស្រុក ត្រូវចេញមុខដឹកនាំកម្លាំងបង្រ្កាបបទល្មើសល្បែងស៊ីសងដោយផ្ទាល់ជារឿយៗបែបនេះ ខណៈដែលខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បែរជាមើលមិនឃើញ ឬធ្វើមិនដឹងមិនឮទៅវិញ? តើនេះមកពីខ្វះសមត្ថភាព ខ្វះការយកចិត្តទុកដាក់ ឬមួយក៏មាន “ភាពមិនប្រក្រតី” ណាមួយនៅពីក្រោយខ្នងទីតាំងល្បែងទាំងនោះ?

មហាជន និងប្រជាពលរដ្ឋក្នុងស្រុកបាទី ស្នើសុំឱ្យថ្នាក់ដឹកនាំខេត្តតាកែវ មេត្តាពិនិត្យមើលសកម្មភាព និងការទទួលខុសត្រូវរបស់លោក មូល សារ៉ាត់ អធិការស្រុកបាទីឡើងវិញ ដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ឱ្យមានប្រសិទ្ធភាព ដោយមិនមែនទុកឱ្យលោកអភិបាលស្រុកហត់នឿយចេញមុខបង្ក្រាបតែម្នាក់ឯងបែបនេះឡើយ៕

Scroll to Top