ប្រតិបត្តិការក្តៅសាច់៖ ជួយសង្គ្រោះកូនត្រីជាង ៨០០គីឡូក្រាម និងកម្ទេចឧបករណ៍នេសាទខុសច្បាប់រាប់ពាន់ម៉ែត្រ នៅខេត្តចំនួនបី

ប្រតិបត្តិការក្តៅសាច់៖ ជួយសង្គ្រោះកូនត្រីជាង ៨០០គីឡូក្រាម និងកម្ទេចឧបករណ៍នេសាទខុសច្បាប់រាប់ពាន់ម៉ែត្រ នៅខេត្តចំនួនបី

កំពង់ចាម៖ កម្លាំងជំនាញជលផល សហការជាមួយអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ច បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះបង្រ្កាបបទល្មើសនេសាទយ៉ាងក្តៅគគុកនៅតាមដែនទឹកនៃខេត្តចំនួន៣ រួមមាន ខេត្តកំពង់ចាម កណ្តាល និងកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានរំដោះកូនត្រីចម្រុះទម្ងន់ ៨២៥ គីឡូក្រាម លែងចូលទៅក្នុងបឹងធម្មជាតិវិញ និងបានកម្ទេចឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅនឹងកន្លែង។

ប្រតិបត្តិការបង្រ្កាបបទល្មើសជលផលចំនួន ៤ករណីផ្សេងគ្នានេះ ត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកំពង់ចាម កណ្តាល កំពង់ឆ្នាំង អធិការដ្ឋានរដ្ឋបាលជលផល (មេគង្គខាងត្បូងបឹងទន្លេសាប) កម្លាំងនគរបាល និងសហគមន៍នេសាទបឹងកក់។

យោងតាមរបាយការណ៍របស់លោកលី ស្រុី នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម ខេត្តកំពង់ចាម បានឱ្យដឹងថា លទ្ធផលនៃការចុះរុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែងសរុប រួមមាន៖

ករណីទី១ នៅចំណុចតាមដងទន្លេសាប ចាប់ពីឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រហូតទៅដល់ ភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកពង់ឆ្នាំង(ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កណ្តាល និងខេត្តកំពង់ចាម) មានឧបករណ៍លូស្បៃមុងចំនួន ១៣០មាត់ របាំងស្បៃមុងចំនួន ១២២កន្លែង ប្រវែង ៦.០០០ម៉ែត្រ បង្គោលចម្រឹង ២.០០០ដើម និងចាក់លែងកូនត្រីចម្រុះ ៦៥០គីឡូក្រាម ។

ករណីទី២ នៅចំណុចព្រែកព្នៅ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឧបករណ៍ស្បៃមុងចំនួន ១១មាត់ របាំងស្បៃមុងប្រវែង ៣៣០ម៉ែត្រ បង្គោលចម្រឹងចំនួន ២៧៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៥៥គីឡូក្រាម ។ 

ករណីទី៣ នៅចំណុចបឹងបុរស ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឧបករណ៍ស្បៃមុងចំនួន ៩មាត់ របាំងស្បៃមុងប្រវែង ២៧០ម៉ែត្របង្គោលចម្រឹងចំនួន ២២៥ដើម ចាក់លែងកូនត្រីចម្រុះ ៤៥គីឡូក្រាម ។ 

ករណីទី៤ នៅចំណុចបឹងរយា ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឧបករណ៍ស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៧៥ដើម ចាក់លែងកូនត្រីចម្រុះ ៧៥គីឡូក្រាម

សកម្មភាពក្តៅគគុកនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ក្រសួងកសិកម្ម និងអាជ្ញាធរដែនដី ក្នុងការការពារធនធានជលផល ធានានិរន្តរភាពផលត្រីធម្មជាតិ និងទប់ស្កាត់រាល់សកម្មភាពនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ៕

Scroll to Top