អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ករណីសង្ស័យឆបោកអនឡាញជាបន្ទាន់តាម “Kapea App”

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ករណីសង្ស័យឆបោកអនឡាញជាបន្ទាន់តាម “Kapea App”

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ភ្លាមៗចូលទៅក្នុងកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការថ្លែងអំពាវនាវនេះ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នល្បិចកលរបស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្តូររូបភាពជាច្រើន។ ដូច្នេះ ការចូលរួមរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋតាមរយៈកម្មវិធី Kapea App គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងទាន់ហេតុការណ៍បំផុត ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចចុះអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវចេះការពារខ្លួន និងត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដូចជាមេរោគដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលអាចសម្លាប់ ឬបំផ្លាញយើងបានគ្រប់ពេល ប្រសិនបើយើងមានការឆ្វេសប្រហែស។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តជំរុញការផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធី Kapea App នេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Scroll to Top