តាកែវ៖ សាលមហោស្រពខេត្តតាកែវ ដែលមានអាយុកាលជិតកន្លះសតវត្ស និងធ្លាប់ជាទីតាំងសម្រាប់សកម្មភាពសិល្បៈ វប្បធម៌ និងកម្មវិធីសាធារណៈជាច្រើន ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅក្រុងដូនកែវ ខេត្តតាកែវ។
ក្រោយហេតុការណ៍បានកន្លងផុតទៅជាងមួយឆ្នាំ សំណង់មួយនេះនៅមិនទាន់មានការបង្ហាញជាសាធារណៈច្បាស់លាស់អំពីផែនការជួសជុល ស្តារ ឬសាងសង់ឡើងវិញនៅឡើយ។
ប្រជាពលរដ្ឋមួយចំនួនបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញឱ្យបានច្បាស់ពី ស្ថានភាពបច្ចុប្បន្ន និងទិសដៅអនាគតរបស់សាលមហោស្រព ថាតើនឹងត្រូវជួសជុល សាងសង់ឡើងវិញ ឬអភិវឌ្ឍជារូបរាងថ្មី។
ពលរដ្ឋយល់ថា ការអភិវឌ្ឍទីក្រុងមានសារៈសំខាន់ ប៉ុន្តែការស្តារទីតាំងដែលមានតម្លៃផ្នែកសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខេត្ត ក៏គួរត្រូវបានយកចិត្តទុកដាក់ផងដែរ ដើម្បីកុំឱ្យសាលមហោស្រពនេះបន្តក្លាយជាសំណល់អគារដែលគ្មានទិសដៅ៕


