ខេត្តមណ្ឌលគិរី៖ គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន កោះញែក ទទួលបានការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក ក្នុងឱកាសនៃការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
លោក សី ទូច បានសម្តែងនូវក្តីរំភើប និងទស្សនៈផ្ទាល់ខ្លួនចំពោះលទ្ធផលប្រឡងសម័យប្រឡង ១០ សីហា ២០២៦ នេះ ដោយបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣៖
១. លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកនាយក លោកនាយករង ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត យកចិត្តទុកដាក់បណ្តុះបណ្តាល និងផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរហូតទទួលបានជោគជ័យនាពេលនេះ។
២. ចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះក្មួយៗសិស្សានុសិស្សទាំង ១៤៦ រូប ដែលបានប្រឡងជាប់ដោយជោគជ័យ ក្នុងនោះរួមមាន និទ្ទេស A ចំនួន ០២ រូប និងនិទ្ទេស B ដល់ E ចំនួន ១៤៤ រូប។
៣. ជាមួយគ្នានោះដែរ លោកបានសម្តែងនូវការសោកស្តាយ និងផ្ញើសារលើកទឹកចិត្តដល់ក្មួយៗចំនួន ០៤ រូប ដែលមិនទាន់ប្រឡងជាប់ សូមកុំអស់សង្ឃឹម ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីបង្កើតឱកាស និងសាងអនាគតដ៏ភ្លឺស្វាងនៅថ្ងៃខាងមុខ។
គួរបញ្ជាក់ផងដែរថា សម្រាប់សម័យប្រឡងបាក់ឌុបឆ្នាំ២០២៦ នេះ វិទ្យាល័យ ហ៊ុន សែន កោះញែក មានសិស្សចូលរួមប្រឡងសរុបចំនួន ១៥០ នាក់ ក្នុងនោះប្រឡងជាប់សរុប ១៤៦ នាក់ (ត្រូវជា ៩៧.៣៣%) និងមិនជាប់ចំនួន ០៤ នាក់៕


