តាកែវ៖ លោក តុប សាង ដែលជាមន្ត្រីកិច្ចសន្យាបម្រើការងារនៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ បានលើកឡើងថា លោកត្រូវបានលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បញ្ចប់ការងារ និងមិនបានបើកប្រាក់ខែឱ្យលោក ដោយលោកអះអាងថា លោកបានបម្រើការងារជាមន្ត្រីកិច្ចសន្យាអស់រយៈពេលជាច្រើនឆ្នាំ មុនពេលលោក កង អាណាន់ មកកាន់តំណែងជាអភិបាលស្រុក។
តាមការបញ្ជាក់របស់លោក តុប សាង លោកបានបម្រើការងារនៅសាលាស្រុកអង្គរបូរីជាច្រើនឆ្នាំ និងធ្លាប់បំពេញការងារជាមន្ត្រីកិច្ចសន្យាជាប្រចាំ។ លោកអះអាងថា ការបញ្ចប់ការងារនាពេលនេះ បានធ្វើឱ្យលោកមានការងឿងឆ្ងល់ ព្រោះលោកមិនបានទទួលការពន្យល់ច្បាស់លាស់អំពីមូលហេតុនៃការបញ្ចប់ការងារ។
លោក តុប សាង បានបន្តអះអាងថា បើកប្រាក់ខែ លោកអភិបាលស្រុកថា បើកប្រាក់ខែជាមួយលោកផ្ទាល់ ប៉ុន្តែនៅពេលដល់ពេលបើកប្រាក់ខែ លោកបែរជាត្រូវបានប្រាប់ថា មិនមានថវិកាសម្រាប់បើកប្រាក់ខែ ទៅវិញ។
ជាមួយគ្នានេះ លោក តុប សាង អះអាងថា បន្ទាប់ពីលោកត្រូវបានដកចេញពីការងារ តួនាទីដែលលោកធ្លាប់បំពេញ ត្រូវបានអ្នកបើកបររថយន្តរបស់លោកអភិបាលស្រុកចូលមកបំពេញជំនួស។ លោកយល់ថា ការផ្លាស់ប្តូរនេះគួរត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុ និងនីតិវិធីដែលបានអនុវត្ត។
លោក តុប សាង បានស្នើឱ្យមានការបំភ្លឺអំពីការបញ្ចប់ការងារ និងបញ្ហាប្រាក់ខែដែលលោកអះអាងថាមិនទាន់ត្រូវបានបើកជូនលោក ដើម្បីឱ្យរូបលោក និងសាធារណជនបានយល់ច្បាស់អំពីដំណើរការដែលបានអនុវត្ត៕


