តាកែវ៖ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៨និង៣០នាទីយប់ មានហេតុការណ៍ហិង្សាមួយបានកើតឡើងនៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិព្រៃមូល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ បណ្តាលឱ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់ និងស្រាល។
តាមការអះអាងរបស់ក្រុមគ្រួសារម្ចាស់ផ្ទះ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ កាន់ គុណ រួមជាមួយបក្ខពួកប្រមាណ៥នាក់ទៀត បានកាន់កាំបិតចូលទៅដល់ក្នុងផ្ទះរបស់ឈ្មោះ ឃី ហាក់ ហើយមានការកាប់ និងវាយតប់គ្នាទៅវិញទៅមក។
តាមព័ត៌មានដែលក្រុមគ្រួសារផ្តល់ឱ្យ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស៤នាក់រងរបួស ក្នុងនោះរួមមាន៖
១. ឈ្មោះ នេន ច្រឹប រងរបួសធ្ងន់ ដោយរបួសកាប់ចំស្មា។
២. ឈ្មោះ ឃី ហាក់ ជាម្ចាស់ផ្ទះ រងរបួសស្រាល និងត្រូវបានឃាត់ខ្លួនតាមនីតិវិធី។
៣. ឈ្មោះ អែម ចាន់ធឿន រងរបួសស្រាល ដោយរបួសកាប់ចំដៃ។
៤. ឈ្មោះ អែម ចាន់ថន ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ នេន ច្រឹប និងមានផ្ទៃពោះប្រមាណ៩ខែ ក៏បានរងរបួសក្នុងហេតុការណ៍នេះផងដែរ។
ក្រុមគ្រួសាររបស់ឈ្មោះ ឃី ហាក់ បានសម្តែងការព្រួយបារម្ភ និងស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធពិនិត្យសំណុំរឿងដោយតម្លាភាព ព្រមទាំងបញ្ជាក់ឱ្យបានច្បាស់អំពីមូលហេតុ និងមូលដ្ឋានច្បាប់នៃការឃាត់ខ្លួនម្ចាស់ផ្ទះ។
ជាមួយគ្នានេះ គ្រួសារម្ចាស់ផ្ទះក៏បានស្នើសុំឱ្យសមត្ថកិច្ចពិនិត្យសកម្មភាពរបស់ភាគីពាក់ព័ន្ធទាំងអស់ដោយស្មើភាព និងអនុវត្តនីតិវិធីច្បាប់ទៅលើអ្នកដែលពាក់ព័ន្ធនឹងអំពើហិង្សា ហេតុអ្វីមានការឃាត់ខ្លួនឈ្មោះ ឃី ហាក់ តែម្នាក់ឯង ។
ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ភាគីពាក់ព័ន្ធ ស្នើសុំឱ្យការអនុវត្តនីតិវិធីច្បាប់ប្រព្រឹត្តទៅដោយតម្លាភាព ស្មើភាព និងយុត្តិធម៌ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់គ្រប់ភាគី៕


