ខេត្តតាកែវ៖ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងក្រុងដូនកែវ តំណាងលោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារសណ្តាប់ធ្នាប់ក្រុង ចុះពិនិត្យ និងផ្អាកការសាងសង់របងថ្មមួយទីតាំង ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ការចុះអនុវត្តវិធានការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានពិនិត្យឃើញថា សំណង់របងថ្មខាងលើត្រូវបានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងមានការរំលោភលើដីសាធារណៈរបស់រដ្ឋ។
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរក្រុងបានតម្រូវឱ្យម្ចាស់សំណង់ផ្អាកសកម្មភាពសាងសង់ជាបន្ទាន់ និងទាំងស្រុង ដើម្បីរក្សាទុកដីសាធារណៈរបស់រដ្ឋ ព្រមទាំងធានាឱ្យការសាងសង់សំណង់នានា ប្រព្រឹត្តទៅស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
អាជ្ញាធរក្រុងដូនកែវបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងផ្អាកសំណង់ដែលសាងសង់ខុសច្បាប់ គឺជាវិធានការក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារទ្រព្យសម្បត្តិរដ្ឋ និងពង្រឹងការអនុវត្តច្បាប់សំណង់នៅមូលដ្ឋាន៕


