ពលរដ្ឋរអ៊ូរទាំរឿងរោងចក្រកិនកុងផ្លាកេហុយធូលីដីធ្ងន់ធ្ងរ និងស្នើឱ្យក្រសួងបរិស្ថានចុះអន្តរាគមន៍ជាបន្ទាន់

ពលរដ្ឋរអ៊ូរទាំរឿងរោងចក្រកិនកុងផ្លាកេហុយធូលីដីធ្ងន់ធ្ងរ និងស្នើឱ្យក្រសួងបរិស្ថានចុះអន្តរាគមន៍ជាបន្ទាន់

កណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិម្កាក់ ឃុំដើមឬស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដែងការក្ដៅក្រហាយជាខ្លាំង និងបានរាយការណ៍ជាថ្មីមកកាន់បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ជុំវិញសកម្មភាពរបស់រោងចក្រកែច្នៃ និងកិនកុងផ្លាកេមួយកន្លែង ដែលកំពុងបង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយការបញ្ចេញធូលីដី និងផ្សែងហុយទ្រលោមចូលក្នុងតំបន់លំនៅឋាន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងសុខភាពផ្លូវដង្ហើមរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។

យោងតាមការអះអាងពីប្រជាពលរដ្ឋនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នេះ សកម្មភាពកិន និងកែច្នៃរបស់រោងចក្របានបង្កើតជាហ្វូងធូលីហុយសាយភាយពេញបរិវេណ និងរាលដាលទៅសហគមន៍ជុំវិញ។ ការខកខាន ឬអសមត្ថភាពក្នុងការគ្រប់គ្រងធូលីដីរបស់រោងចក្រនេះ កំពុងក្លាយជាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់គុណភាពខ្យល់ និងសុខុមាលភាពសាធារណៈ ដែលទាមទារឱ្យមានការទទួលខុសត្រូវផ្នែកច្បាប់ និងបច្ចេកទេសជាចាំបាច់។

តាមបទដ្ឋានបច្ចេកទេស និងច្បាប់ស្តីពីការការពារបរិស្ថាន រោងចក្រអាជីវកម្មដែលបង្កើតភាគល្អិតធូលី ត្រូវតែមានកាតព្វកិច្ចបំពាក់ប្រព័ន្ធស្រូប និងចម្រោះធូលីឱ្យបានត្រឹមត្រូវ រួមទាំងការបិទជិតទីតាំងផលិតកម្ម។ ការបណ្តោយឱ្យធូលីដីហុយសាយភាយដោយសេរីបែបនេះ បង្ហាញពីការធ្វេសប្រហែស និងខ្វះការទទួលខុសត្រូវរបស់ម្ចាស់អាជីវកម្មចំពោះច្បាប់ និងសុខភាពសហគមន៍។

ផ្អែកលើបញ្ហាដែលកើតឡើងដដែលៗនេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យ និងទាមទារឱ្យមានការបកស្រាយពីមន្ទីរបរិស្ថានខេត្តកណ្ដាល ជុំវិញប្រសិទ្ធភាពនៃការចុះត្រួតពិនិត្យនាពេលកន្លងមក ព្រមទាំងការវាស់វែងកម្រិតបំពុលខ្យល់តាមស្តង់ដារបច្ចេកទេស ថា តើមានការចាត់វិធានការ ឬផ្អាកសកម្មភាពរោងចក្រល្មើសច្បាប់នេះដែរឬទេ?

ដើម្បីឆ្លើយតបនឹងទុក្ខលំបាកនេះ ប្រជាពលរដ្ឋ និងសាធារណជន បានស្នើសុំយ៉ាងទទូចដល់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការក្តៅ និងបញ្ជូនក្រុមការងារជំនាញថ្នាក់ជាតិ ចុះត្រួតពិនិត្យផ្ទាល់ជាបន្ទាន់។

ពលរដ្ឋទាមទារឱ្យមានការវាស់វែងគុណភាពខ្យល់ដោយតម្លាភាព ប្រសិនបើពិនិត្យឃើញថា រោងចក្រនេះអនុវត្តខុសបទដ្ឋានបរិស្ថាន និងបង្កការបំពុលលើសកម្រិត ត្រូវតែចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ផ្អាកអាជីវកម្ម ឬតម្រូវឱ្យកែលម្អប្រព័ន្ធបច្ចេកទេសទាំងស្រុង ព្រោះសុខភាព និងជីវិតរបស់ប្រជាពលរដ្ឋ មិនអាចយកទៅផ្លាស់ប្តូរជាមួយផលប្រយោជន៍របស់រោងចក្របានឡើយ៕

អភិវឌ្ឍន៍ឧស្សាហកម្មមិនអាចដោះដូរជាមួយសុខភាព ជីវិត និងខ្យល់ដង្ហើមរបស់ប្រជាពលរដ្ឋបានឡើយ សុខុមាលភាពសង្គម និងបរិស្ថានស្អាត ត្រូវតែស្ថិតនៅពីលើផលប្រយោជន៍បុគ្គលជានិច្ច!

Scroll to Top