ខេត្តតាកែវ៖ គ្រួសារកសិករមួយគ្រួសាររស់នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ បានអំពាវនាវសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តដីការឹបអូស និងប្រគល់អចលនវត្ថុ ដែលរួមមានផ្ទះសម្បែង និងដីធ្លីរបស់ពួកគាត់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
តាមការអះអាងរបស់លោក រត្ន័ សេង និងភរិយា គឺអ្នកស្រី ប្រាក់ ហន ពួកគាត់មានជីវភាពខ្វះខាត និងប្រឈមនឹងការបាត់បង់ទីជម្រកចុងក្រោយរបស់គ្រួសារ។ ពួកគាត់បានស្នើសុំកិច្ចអន្តរាគមន៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វី សំណាង អភិបាលខេត្តតាកែវ ដើម្បីមេត្តាពិនិត្យករណីនេះ និងជួយសម្របសម្រួលរកដំណោះស្រាយសមស្រប។
យោងតាមលិខិតស្នើសុំកិច្ចអន្តរាគមន៍របស់សាមីគ្រួសារ បានឱ្យដឹងថា កាលពីដើមឆ្នាំ២០១៦ ដោយសារខ្វះខាតដើមទុនសម្រាប់ប្រកបរបរកសិកម្ម អ្នកស្រី ប្រាក់ ហន បានខ្ចីប្រាក់ពីឈ្មោះ លី គាវ ចំនួន ៧,៥០០ដុល្លារអាមេរិក ដោយភាគីសាមីអះអាងថា មានការកំណត់ការប្រាក់ក្នុងអត្រា ៥% ក្នុងមួយខែ។
ក្នុងរយៈពេលកន្លងមក អ្នកខ្ចីបានអះអាងថា បានខិតខំទូទាត់ប្រាក់ជាបន្តបន្ទាប់ ទាំងប្រាក់ដើម និងការប្រាក់ ដែលតាមការអះអាងរបស់ពួកគាត់ មានទឹកប្រាក់សរុបប្រមាណ ២៣លានរៀល។ បច្ចុប្បន្ន ពួកគាត់អះអាងថា ប្រាក់ដើមនៅសល់ប្រមាណ ៧លាននិង៥០ម៉ឺនរៀល។
ទោះជាយ៉ាងណា ដោយសារមិនអាចបញ្ចប់បំណុលបាន ភាគីម្ចាស់បំណុលបានដាក់ពាក្យប្តឹងទៅតុលាការ ហើយសំណុំរឿងបានឈានដល់ការចេញសេចក្តីសម្រេចរបស់តុលាការ និងដីកាអនុវត្ត ដែលនាំឱ្យមានការចុះអនុវត្តរឹបអូស និងប្រគល់អចលនវត្ថុរបស់គ្រួសារនេះ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
សាមីគ្រួសារបានអះអាងថា ដោយសារមានការយល់ដឹងផ្នែកច្បាប់នៅមានកម្រិត និងមិនសូវយល់ពីនីតិវិធីតុលាការ ពួកគាត់មិនបានយល់ច្បាស់អំពីដំណើរការនៃសំណុំរឿង និងផលវិបាកផ្នែកច្បាប់ដែលអាចកើតមានឡើយ។ ពួកគាត់ក៏បានលើកឡើងថា ផ្ទះ និងដីដែលកំពុងត្រូវបានអនុវត្តដីកា គឺជាទ្រព្យសម្បត្តិ និងទីជម្រកសំខាន់បំផុតរបស់គ្រួសារ។
តាមរយៈការអំពាវនាវនេះ សាមីគ្រួសារស្នើសុំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មេត្តាចុះពិនិត្យករណីនេះដោយផ្ទាល់ ពិនិត្យមើលនីតិវិធី និងលទ្ធភាពសម្របសម្រួលរវាងភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន និងស្របតាមច្បាប់។
ជាមួយគ្នានេះ សាមីគ្រួសារបានអំពាវនាវសុំឱ្យមានការយកចិត្តទុកដាក់ចំពោះស្ថានភាពជីវភាពរបស់ពួកគាត់ ដោយសារការរឹបអូសផ្ទះសម្បែង និងដីធ្លីអាចធ្វើឱ្យគ្រួសារប្រឈមនឹងការខ្វះទីជម្រក និងការលំបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត៕


