តាកែវ៖ សង្ឃមួយអង្គ ព្រះនាម ម៉ន ម៉ាត់ ដែលមានតួនាទីជាលេខាអនុគណស្រុកព្រៃកប្បាស និងជាគ្រូសូត្រឆ្វេងវត្តចំប៉ា ត្រូវបានបែកធ្លាយរូប ដោយមានការឆាតតាមទូរសព្ទជាមួយនារីម្នាក់ ក្នុងលក្ខណៈមិនសមរម្យ ហើយថែមទាំងបង្ហាញអវយវៈផ្លូវភេទរបស់ខ្លួនតាមការហៅជាវីដេអូផងដែរ។
ក្រោយករណីនេះត្រូវបានបែកធ្លាយ និងបង្កឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពុទ្ធបរិស័ទ មន្ត្រីសង្ឃ រួមជាមួយអនុគណស្រុក និងការិយាល័យធម្មការ និងសាសនាស្រុកព្រៃកប្បាស បានបើកការស៊ើបអង្កេត ដើម្បីស្វែងរកការពិតពាក់ព័ន្ធនឹងករណីនេះ។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មន្ត្រីពាក់ព័ន្ធបានចុះទៅសួរនាំសាមីខ្លួន។ ជាលទ្ធផលនៃការសួរនាំ សាមីខ្លួនបានទទួលស្គាល់ថា ករណីដែលបានបែកធ្លាយនោះ គឺជាការពិត និងបានទទួលស្គាល់កំហុសរបស់ខ្លួន។
ក្រោយពីទទួលស្គាល់កំហុស សាមីខ្លួនបានសម្រេច លាចាកសិក្ខាបទភ្លាមៗ ដោយបញ្ចប់ភេទជាសង្ឃ។
លោក គឹន ភក្តី អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា ការចុះសួរនាំ និងការសម្រេចរបស់សាមីខ្លួនក្នុងការលាចាកសិក្ខាបទ បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយព័ត៌មាន និងការស៊ើបអង្កេតរបស់មន្ត្រីសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ។
ករណីនេះក៏បានបង្កឱ្យមានការពិភាក្សាពាក់ព័ន្ធនឹង វិន័យសង្ឃ សីលធម៌ និងកិត្តិយសរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាសាសនាដែលប្រជាពុទ្ធបរិស័ទកម្ពុជាគោរពប្រតិបត្តិជាយូរមកហើយ។
យ៉ាងណាក៏ដោយ ការលាចាកសិក្ខាបទរបស់សាមីខ្លួន ត្រូវបានធ្វើឡើងក្រោយពេលរូបលោកទទួលស្គាល់កំហុសពាក់ព័ន្ធនឹងករណីខាងលើ៕


