ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញមុខច្រានចោលទាំងស្រុងនូវព័ត៌មានអកុសលដែលត្រូវបានបកស្រាយលើបណ្តាញសង្គម ជុំវិញការចោទប្រកាន់ថាមានករណី «លួចប្រេងរថយន្តដឹកទំនិញ» នៅពេលយប់ ក្នុងភូមិសាស្ត្រខេត្ត។ ការឆ្លើយតបនេះបានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំខេត្តបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងសាកសួរអ្នកបើកបរដោយផ្ទាល់ដល់ទីតាំង កាលពីអធ្រាត្រអាធ្រាតថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការស្រាវជ្រាវផ្ទាល់ដីនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយបានចុះពិនិត្យតាមបណ្តោយផ្លូវជាតិលេខ៥ គ្របដណ្តប់លើភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន។ សកម្មភាពឆ្លើយតបបន្ទាន់នេះ ធ្វើឡើងដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីមានក្រុមអគតិមួយចំនួនបានផ្សព្វផ្សាយព័ត៌មានញុះញង់ បង្កឱ្យមានការយល់ច្រឡំជាសាធារណៈ។
លទ្ធផលនៃការចុះស្រាវជ្រាវផ្ទាល់ និងវិធានការចំពោះមុខ៖
១. ផ្អែកលើការសាកសួរតៃកុងឡានដឹកទំនិញជាច្រើនរូប (រួមទាំងអ្នកបើកបរក្នុងស្រុកបាកាន) បានអះអាងដូចៗគ្នាថា ពួកគាត់ពុំដែលជួបប្រទះករណីបាត់ប្រេងឡើយ ទោះបីជាចតរថយន្តចោលក៏ដោយ។ មានតែភាគរយតិចតួចបំផុតដែលបានរំលឹកថា ធ្លាប់ជួបប្រទះកាលពីអំឡុងពេលកំពុងស្ថាបនាផ្លូវជាតិលេខ៥ មកម៉្លេះ។
២. រដ្ឋបាលខេត្តបានចាត់ចែងរៀបចំទីតាំងឈប់សម្រាកប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ដោយមានកងកម្លាំងមានសមត្ថកិច្ចឈរជើងការពារ និងរង់ចាំជួយអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។
៣. ខ្សែទូរស័ព្ទhotline បន្ទាន់ លេខទូរស័ព្ទទំនាក់ទំនងរបស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកបើកបរអាចរាយការណ៍ ឬស្នើសុំជំនួយបានភ្លាមៗពេលជួបហេតុការណ៍មិនប្រក្រតី។
ទោះបីជាលទ្ធផលបង្ហាញថា ការចោទប្រកាន់ទាំងនោះគ្រាន់តែជាឧបាយកលបំពុលសង្គមក៏ដោយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នៅតែបន្តរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែម៉ឺងម៉ាត់ ដើម្បីធានាថាគ្រប់ការធ្វើដំណើរឆ្លងកាត់ខេត្តពោធិ៍សាត់ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពជានិច្ច៕


