ពលរដ្ឋនៅផ្សារបុរីសន្តិភាព ២ បង្ហាញកង្វល់ចំពោះទីតាំងល្បែងស៊ីសង (SK) និងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ

ពលរដ្ឋនៅផ្សារបុរីសន្តិភាព ២ បង្ហាញកង្វល់ចំពោះទីតាំងល្បែងស៊ីសង (SK) និងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្សារបុរីសន្តិភាព ២ ស្ថិតក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ដែលជ្រកក្រោមយីហោ (SK) កំពុងបើកដំណើរការយ៉ាងអនាធិបតេយ្យ និងបង្កផលប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន។

តាមការរាយការណ៍ពីប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ បានឱ្យដឹងថា ទីតាំងកត់ឆ្នោតខុសច្បាប់មួយនេះ មានមនុស្សអ៊ូអរចេញចូលជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់បរិយាកាសរស់នៅ ក៏ដូចជាបង្កើតឱ្យមានក្តីបារម្ភពីបញ្ហាចោរកម្ម បទល្មើសលួចឆក់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ដែលជាផលវិបាកកើតចេញពីល្បែងស៊ីសង។

យោងតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាអាទិភាពសំខាន់មួយ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងន័យនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអំពាវនាវ និងរំពឹងទុកយ៉ាងមុតមាំលើការដឹកនាំរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលមាន លោក សក់ ច័ន្ទកញ្ញារិទ្ធ ជាអភិបាលខណ្ឌ និងកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំរបស់ លោក ម៉ន វុធី អធិការខណ្ឌ ក្នុងការចាត់វិធានការជំនាញ ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

មហាជនសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងមិនមើលរំលងនូវសេចក្តីរាយការណ៍នេះឡើយ ហើយនឹងមានវិធានការក្តៅតាមផ្លូវច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងទំនុកចិត្តជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

Scroll to Top