ពលរដ្ឋស្រុកអង្គរបូរី ស្នើអាជ្ញាធរ និងនគរបាលមូលដ្ឋាន ពង្រឹងការបង្ក្រាបបទល្មើសចោរកម្ម ដើម្បីស្ដារទំនុកចិត្តលើគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព»

ពលរដ្ឋស្រុកអង្គរបូរី ស្នើអាជ្ញាធរ និងនគរបាលមូលដ្ឋាន ពង្រឹងការបង្ក្រាបបទល្មើសចោរកម្ម ដើម្បីស្ដារទំនុកចិត្តលើគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព»

តាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំគោកធ្លក និងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ បន្ទាប់ពីករណីចោរកម្មបានកើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាន ដោយគិតមកទល់ពេលនេះ មិនទាន់មានចំណាត់ការបង្ក្រាបច្បាស់លាស់ និងទាន់ពេលវេលានៅឡើយ។

យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋក្នុងតំបន់បានឱ្យដឹងថា បទល្មើសដែលកើតមានញឹកញាប់ជាងគេ រួមមានករណីលួចម៉ាស៊ីនបូមទឹក (ដែលជាឧបករណ៍ប្រកបរបរផ្លូវដង្ហើមរបស់កសិករ) និងករណីគាស់ផ្ទះប្រជាពលរដ្ឋជាដើម។ បញ្ហានេះបានបង្កការភ័យខ្លាចដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាពិសេសនាពេលយប់។

ប្រជាពលរដ្ឋបានលើកឡើងដោយចង់ឃើញស្មារតីទទួលខុសត្រូវ និងការអនុវត្តវិជ្ជាជីវៈខ្ពស់ជាងមុន ពីសំណាក់នគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំគោកធ្លក និងប៉ុស្តិ៍ឃុំព្រែកផ្ទោល។ ពួកគាត់បញ្ជាក់ថា កន្លងមក ការដោះស្រាយនៅថ្នាក់ប៉ុស្តិ៍ហាក់នៅមានកម្រិត ដែលជួនកាលតម្រូវឱ្យពលរដ្ឋត្រូវចំណាយពេលធ្វើដំណើរទៅដាក់ពាក្យបណ្តឹង ឬស្នើសុំអន្តរាគមន៍ផ្ទាល់នៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរីវិញ។

ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋបង្កើតជាសំណួរដេញដោលថា «តើការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅក្នុងឃុំទាំងពីរនេះ មានប្រសិទ្ធភាពកម្រិតណា?»

ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងស្តារទំនុកចិត្តឡើងវិញ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសំណូមពរនូវចំណុចសំខាន់ៗមួយចំនួន៖

*. ស្នើឱ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងពីរ បង្កើនសកម្មភាពល្បាតនៅតាមចំណុចប្រឈម និងតំបន់ងាយរងគ្រោះ ជាពិសេសវេនយប់។

*. សហការជិតស្និទ្ធជាមួយអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ កំណត់មុខសញ្ញាសង្ស័យ និងតាមស្វែងរកទ្រព្យសម្បត្តិដែលបាត់បង់មកវិញ។

*. ពលរដ្ឋសម្តែងបំណងចង់ឃើញលោក នួន ប៊ិន អធិការនគរបាលស្រុកអង្គរបូរី ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវផ្ទាល់ និងមានវិធានការក្តៅគគុកដើម្បីលុបបំបាត់បទល្មើសចោរកម្មទាំងនេះ។

ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ទាំងអាជ្ញាធរឃុំ-ភូមិ និងសមត្ថកិច្ចនគរបាលពាក់ព័ន្ធ នឹងបំពេញតួនាទីប្រកបដោយក្រមសីលធម៌ និងស្មារតីបម្រើប្រជាជន ពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពពិតប្រាកដ ដើម្បីឱ្យពួកគាត់អាចរស់នៅ និងប្រកបអាជីវកម្មដោយក្តីកក់ក្តៅ និងមានសុវត្ថិភាព៕

Scroll to Top