ក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃខណ្ឌរដ្ឋបាលជលផលក្រចេះ បានបន្តប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងដែនទឹកធម្មជាតិ ស្ថិតក្នុងស្រុកព្រែកប្រសព្វ ដោយរឹបអូស និងបំផ្លាញចោលឧបករណ៍ល្មើសច្បាប់ជាច្រើនករណី ព្រមទាំងបានរំដោះត្រីចម្រុះប្រមាណ ១០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុក អាជ្ញាធរឃុំចំបក់-ឃុំឫស្សីកែវ និងសហគមន៍នេសាទក្នុងមូលដ្ឋាន ដោយប្រើប្រាស់ទូកម៉ាស៊ីនចំនួន ៤គ្រឿង ចុះប្រតិបត្តិការល្បាតនៅចំណុចទំនាបលិចទឹក «បឹងក្បាលខ្មោច» និង «បឹងវែង»។
នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចចម្រុះបានប្រមូល រុះរើ និងបំផ្លាញចោលនូវវត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែង រួមមាន៖
*. របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ (ប្រវែងសរុប ១.៦៥០ ម៉ែត្រ)
*. លូស្បៃមុង ចំនួន ១៧មាត់
*. បង្គោលចម្រឹងឫស្សី ចំនួន ២៥៥ដើម
*. ការរំដោះផលជលផល បានលែងត្រីចម្រុះទម្ងន់ប្រមាណ ១០០ គីឡូក្រាម ចូលទៅក្នុងប្រភពទឹកធម្មជាតិវិញភ្លាមៗ។
នាឱកាសនោះដែរ លោកនាយខណ្ឌរដ្ឋបាលជលផល ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ ជាពិសេសក្នុង «រដូវបិទនេសាទ» នេះតែម្តង។ លោកបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើស្រាវជ្រាវឃាត់ខ្លួនបានជនល្មើសណាមួយនោះ សមត្ថកិច្ចនឹងមិនមានការលើកលែងឡើយ ដោយត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទោសតាមនីតិវិធីច្បាប់ជាដាច់ខាត៕


