(កណ្តាល)៖ ករណីសកម្មភាពជីកកាយអាចម៍ដីនៅតំបន់បឹងព្រៃរំដួល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដឹកជញ្ជូនមកចាក់នៅភូមិសណ្ដស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យឱ្យបានច្បាស់លាស់។
មហាជនលើកឡើងថា តើប្រភពអាចម៍ដីមានឯកសារអនុញ្ញាតត្រឹមត្រូវឬទេ? ការដឹកជញ្ជូនឆ្លងខេត្តមានលក្ខខណ្ឌគ្រប់គ្រាន់ឬទេ? ហើយទីតាំងចាក់ដីមានការអនុញ្ញាត និងពិនិត្យផលប៉ះពាល់លើប្រព័ន្ធទឹក ផ្លូវ និងបរិស្ថានដែរឬទេ?
ប្រសិនបើការចាក់ដីក្នុងបរិមាណធំធេង និងជាប្រចាំ ដោយមិនបានគិតគូរពីប្រឡាយ ប្រព័ន្ធបង្ហូរទឹក និងសុវត្ថិភាពចរាចរណ៍ នោះការអភិវឌ្ឍអាចប្រែក្លាយទៅជាបន្ទុករបស់ប្រជាពលរដ្ឋ ដោយបង្កធូលី ផ្លូវខូច ទឹកស្ទះ ឬទឹកជន់លិច។
ជាមួយគ្នានេះ ក៏គួរពិនិត្យ ទាំងកន្លែងជីក និងកន្លែងចាក់ មិនមែនពិនិត្យតែរថយន្តដឹកដី ឬទីតាំងចាក់នៅអង្គស្នួលនោះទេ។ ប្រសិនបើរកឃើញថា ការជីក ការដឹកជញ្ជូន ឬការចាក់ដី ពុំមានច្បាប់ និងលិខិតអនុញ្ញាតត្រឹមត្រូវ សូមអាជ្ញាធរអនុវត្តវិធានការតាមច្បាប់ដោយមិនលម្អៀង។
ពាក់ព័ន្ធករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីលោកនូសុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួលបាននៅឡើយទេ ដោយបង្វែររឿងនេះឲ្យអ្នកសារព័ត៌មានសួរទៅមន្ត្រីជំនាញ ដែលលោកផ្ដល់លេខទូរសព្ទឱ្យ តែលេខទូរសព្ទនោះពុំមានអ្នកទទួលទេ។
លោកហោ វាសនា ជាម្ចាស់ការដ្ឋានចាក់អាចម៍ដី បានប្រាប់អោយដឹងថា ការចាក់ដីខាងលើនេះគឺលោកមានច្បាប់អនុញ្ញាតពីស្រុកហើយ ខាងស្រុកជាអ្នកអនុញ្ញាតឲ្យចាក់អាចម៍ដី ដែលមានទំហំជាងមួយហិចតា។
លោកហោ វាសនា បន្តថា ចំពោះរណ្តៅដីនិងការកាយអាចម៍ដី នៅបឹងព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពី មានច្បាប់ ឬអត់ច្បាប់លោកមិនដឹងទេ? ព្រោះលោកគ្រាន់តែជាអ្នកទិញអាចម៍ដីពីក្រុមហ៊ុនគេប៉ុណ្ណោះ។
នេះគ្រាន់តែជាការអះអាង របស់លោក ហោ វាសនា តែប៉ុណ្ណោះ តែអ្វីដែលអ្នកកាសែតមើលឃើញ គឺមានតែលិខិតសូមអនុញ្ញាតចាក់ដី ដែលស្នើរទៅរដ្ឋបាលស្រុកអង្គស្នួលតែប៉ុណ្ណោះ ចំពោះរថយន្តដែលដឹកអាចម៍ដីយកមកចាក់នៅទីតាំងខាងលើ មានខ្លះគ្រប ខ្លះមិនគ្របប៉ាតង់ឲ្យបានត្រឹមត្រូវនោះទេ។
សូមគោរពស្នើដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យករណីនេះជាក់ស្តែង និងពិនិត្យឯកសារពាក់ព័ន្ធឱ្យបានហ្មត់ចត់។ ប្រសិនបើរកឃើញថា ពុំមានច្បាប់ ឬការអនុញ្ញាតត្រឹមត្រូវ សូមចាត់វិធានការទប់ស្កាត់តាមច្បាប់ ដើម្បីការពារផលប្រយោជន៍សាធារណៈ បរិស្ថាន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ការស្នើឱ្យពិនិត្យនេះ មិនមែនជាការប្រឆាំងនឹងការអភិវឌ្ឍ ឬការរកស៊ីរបស់ឯកជនទេ ប៉ុន្តែជាការទាមទារឱ្យសកម្មភាពទាំងអស់ដំណើរការដោយស្របច្បាប់ មានតម្លាភាព និងមិនបង្កបន្ទុកដល់សង្គម។
មហាជនចង់ឃើញចម្លើយច្បាស់ តើដីមកពីណា? មានច្បាប់ឬទេ? ដឹកតាមលក្ខខណ្ឌឬទេ? ហើយបើខុសច្បាប់ តើអ្នកណាជាអ្នកទទួលខុសត្រូវ?៕


