បង្ក្រាបបានក្រុមកាប់ប្លន់ ៥នាក់ តែសំណួរធំ៖ អ្នកទទួលផលចោរកម្មនៅឯណា?

បង្ក្រាបបានក្រុមកាប់ប្លន់ ៥នាក់ តែសំណួរធំ៖ អ្នកទទួលផលចោរកម្មនៅឯណា?

តាកែវ៖ កម្លាំងនគរបាលស្រុកសំរោង បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយកាប់ប្លន់យកម៉ូតូយ៉ាងសកម្ម នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំ និងយកចិត្តទុកដាក់ពីលោកស្នងការនគរបាលខេត្តតាកែវ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង ៩៖៤០នាទីយប់ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ចេញល្បាតក្នុងមូលដ្ឋាន និងឈានដល់ការបង្ក្រាបក្រុមសង្ស័យ។

ជនសង្ស័យទាំង ៥នាក់ មានអាយុចន្លោះពី ១៤ ដល់ ១៩ឆ្នាំ ក្នុងនោះមានមុខសញ្ញាសកម្ម និងជនដៃដល់មួយចំនួន។ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានដាវ ១ និងកាំបិតក្រងុកដងដែក ១។

យ៉ាងណា ការបង្ក្រាបបានតែក្រុមជនសង្ស័យដែលចេញធ្វើសកម្មភាព គឺជាជំហានមួយប៉ុណ្ណោះ។ សំណួរដែលមហាជនចង់ដឹង គឺម៉ូតូ ឬទ្រព្យសម្បត្តិដែលបានមកពីការកាប់ប្លន់ទាំងនោះ ត្រូវបានយកទៅលក់ ឬប្រគល់ឱ្យអ្នកណា?

កន្លងមក ករណីចោរកម្មជាច្រើនតែងតែឃើញការបង្ក្រាបអ្នកប្រព្រឹត្តផ្ទាល់ ប៉ុន្តែអ្នកដែលទទួលទិញ ឬទទួលផលពីទ្រព្យសម្បត្តិដែលបានមកដោយអំពើល្មើស ហាក់មិនសូវត្រូវបានបង្ហាញ ឬឃើញការបង្ក្រាបជាសាធារណៈនៅឡើយ។

ប្រសិនបើមានអ្នកទទួលទិញ ឬទទួលផលពីទ្រព្យសម្បត្តិដែលបានមកពីអំពើល្មើស ការស្វែងរក និងចាត់ការលើបណ្តាញនៅពីក្រោយ ក៏ជាចំណុចសំខាន់មួយក្នុងការកាត់ផ្តាច់ទីផ្សាររបស់ក្រុមចោរ និងទប់ស្កាត់កុំឱ្យក្រុមក្មេងៗទាំងនេះបន្តធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕

 

Scroll to Top