ខេត្តកំពង់ចាម៖ អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ និងមានផែនការច្បាស់លាស់មួយបានកើតឡើង កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវក្នុងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដោយក្រុមជនល្មើសបានប្រើប្រាស់រថយន្តចំនួន ២គ្រឿង បើកប្រដេញបុកយុវជនជិះម៉ូតូ រួចបន្តវាយប្រហារដោយអាវុធ បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះត្រូវបានគេមើលឃើញថា ជា «អំពើប៉ុនប៉ងមនុស្សឃាតដោយចេតនា» ដែលបិទបាំងក្រោមរូបភាពគ្រោះថ្នាក់ចរាចរណ៍។
ផ្អែកតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ២នាក់ កំពុងជិះម៉ូតូ ២គ្រឿងផ្សេងគ្នា។ រំពេចនោះ ស្រាប់តែមានរថយន្តបង្ក ២គ្រឿង (ម៉ាក Prius និងម៉ាក Jeep) បានបើកប្រដេញតាមយ៉ាងប្រកៀក និងព្យាយាមបុកបំបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងក្នុងចេតនាសម្លាប់ ឬបង្កគ្រោះថ្នាក់ដល់ជីវិត។
ក្រោយពេលបុកផ្តួលម៉ូតូជនរងគ្រោះរួច ក្រុមជនបង្កមិនត្រឹមតែមិនឈប់ជួយសង្គ្រោះនោះទេ ប៉ុន្តែអ្នកបើករថយន្ត Jeep ថែមទាំងបានយកដែករឹងមកចាក់ប្រហារទៅលើក្បាលរបស់ជនរងគ្រោះឈ្មោះ ផាន មាគ (រស់នៅភូមិចំបក់ ឃុំសូរ្យសែន ស្រុកព្រៃឈរ) បណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ បន្ថែមពីលើរបួសដែលបង្កដោយការបុក ព្រមទាំងដកកាំភ្លើងស្រែកបង្គាប់ដល់ប្រជាពលរដ្ឋដែលនៅជិតខាងនោះមិនឲ្យចូលជួយសង្គ្រោះជនរងគ្រោះឡើយ។
បន្ទាប់ពីធ្វើសកម្មភាពរួច រថយន្ត Prius ពណ៌ស មិនអាចបើកគេចខ្លួនរួច ក៏ត្រូវសមត្ថកិច្ចស្រុកកំពង់សៀមឡោមព័ទ្ធ និងចាប់ខ្លួនអ្នកបើកបរប្រគល់ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានស្រុកកងមាស ដើម្បីចាត់ការតាមច្បាប់។
ចំណែករថយន្ត Jeep (បក្ខពួកសមគំនិត)បានបើកគេចខ្លួនចេញពីកន្លែងកើតហេតុ សំដៅចូលទៅក្រុងកំពង់ចាម។ ប្រភពព័ត៌មានក្នុងមូលដ្ឋានបានទម្លាយថា អ្នកបើករថយន្ត Jeep រូបនេះ កំពុងលាក់ខ្លួននៅក្នុងផ្ទះវីឡាមួយកន្លែងក្នុងក្រុងកំពង់ចាម ដើម្បីគេចវេះពីការចាប់ខ្លួន។
ជនរងគ្រោះឈ្មោះ ផាន មាគ បានបញ្ជាក់យ៉ាងមុតមាំថា នេះមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ធម្មតានោះទេ ប៉ុន្តែជា «អំពើប៉ុនប៉ងមនុស្សឃាតដោយចេតនា និងមានការរៀបចំទុកជាមុន»។
ជនរងគ្រោះ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទូចស្នើសុំយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និង អអធិការដ្ឋាននគរបាលស្រុកងមាស បន្តតាមស្វែងរក និងឃាត់ខ្លួនអ្នកបើករថយន្ត Jeep និងបក្ខពួកពាក់ព័ន្ធទាំងអស់ដែលកំពុងលាក់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រោមបទចោទប្រកាន់ «ប៉ុនប៉ងមនុស្សឃាតដោយចេតនា» ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះ និងកុំឱ្យជនល្មើសអាងខ្នង ឬអាងទ្រព្យសម្បត្តិគេចផុតពីសំណាញ់ច្បាប់។
ជុំវិញរឿងរ៉ាវខាងលើនេះ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបក្សពួកជនបង្កបានចំនួន ១នាក់ភ្លាមៗ ហើយបច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីតាមចាប់ខ្លួនជនល្មើសដែលសេសសល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕


