ក្រសួងចំនួន៣ ចេញសេចក្តីណែនាំរួម ហាមឃាត់ការផលិត និងរំលែកមាតិកាប៉ះពាល់ដល់តម្លៃស្ត្រី និងប្រពៃណីខ្មែរ

ក្រសួងចំនួន៣ ចេញសេចក្តីណែនាំរួម ហាមឃាត់ការផលិត និងរំលែកមាតិកាប៉ះពាល់ដល់តម្លៃស្ត្រី និងប្រពៃណីខ្មែរ

ភ្នំពេញ៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំរួមស្តីពីការហាមឃាត់ដាច់ខាតនូវការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវរាល់មាតិកាទាំងឡាយណាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។

ទោះបីជាកន្លងមក ក្រសួងព័ត៌មានធ្លាប់បានណែនាំដល់អ្នកផលិតមាតិកាតាមបណ្តាញសង្គម ឱ្យប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវដើម្បីថែរក្សាសណ្តាប់ធ្នាប់សង្គមក៏ដោយ ប៉ុន្តែបច្ចុប្បន្ន គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅតែបន្តបំពានក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ។

អ្នកផលិតមាតិកាទាំងនោះបានប្រើប្រាស់ពាក្យសម្តីអសុរោះ និងយករូបរាងកាយស្ត្រីមកបង្ហាញក្នុងរូបភាពអនាចារ ឬស្រើបស្រាល ក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងផ្សព្វផ្សាយលក់ផលិតផល។ សកម្មភាពអសីលធម៌ទាំងនេះ កំពុងបង្កើតជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសស្ត្រី អត្តសញ្ញាណជាតិ ព្រមទាំងសីលធម៌សង្គមខ្មែរទាំងមូល៕

Scroll to Top