ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកដំបូក និងឃុំបារាយណ៍ នឹងទទួលបានផ្លូវបេតុងអាមេដ៏រឹងមាំមួយខ្សែនាពេលឆាប់ៗខាងមុខនេះ! បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសបាននិងកំពុងពន្លឿនសកម្មភាពឈូសឆាយ សម្រួលលំហផ្លូវ និងចាក់ដីបំពេញបន្ថែមយ៉ាងសកម្ម ដើម្បីត្រៀមស្ថាបនាជាផ្លូវបេតុងអាមេទៅតាមដំណាក់កាលនីមួយៗ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការសម្របសម្រួលផ្ទាល់ពីអាជ្ញាធរស្រុក និងរដ្ឋបាលឃុំព្រែកដំបូក ព្រមទាំងឃុំបារាយណ៍។
លក្ខណៈបច្ចេកទេសនៃខ្សែផ្លូវ៖
ចាប់ពីចំណុច ផ្សារព្រែកដំបូក (ឃុំព្រែកដំបូក) រហូតដល់ ឃុំបារាយណ៍ ប្រវែងផ្លូវសរុប៧,៥ គីឡូម៉ែត្រ និងទទឹងផ្លូវ៦ម៉ែត្រ កម្រាស់បេតុងអាមេ ០,២០ ម៉ែត្រ (២០ ហ៊ុន)។
ការប្រែក្លាយផ្លូវនេះទៅជាផ្លូវបេតុងអាមេស្ដង់ដារ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្សែផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ កាត់បន្ថយការចំណាយ និងចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែធូរធារ និងរីកចម្រើនជាលំដាប់៕


