ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបើកប្រតិបត្តិការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់យ៉ាងក្តៅគគុក ក្នុងភូមិសាស្ត្រស្រុកឆ្លូង នាអំឡុងរដូវបិទនេសាទ ដោយបានបំផ្លាញចោលឧបករណ៍ល្មើសច្បាប់ជាច្រើនករណី និងបានរំដោះកូនត្រីចម្រុះប្រមាណ ៤០០ គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
យោងតាមការបញ្ជាក់របស់ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទព្រែកសាម៉ាន់ (សរុប ១៤ នាក់ ប្រើប្រាស់ទូកម៉ាស៊ីន ៤ គ្រឿង) បានចុះល្បាត និងត្រួតពិនិត្យនៅចំណុចបឹងប្រា បឹងកូនសត្វ ជ្រោយវែង និងទំនប់តាណូ ស្ថិតក្នុងភូមិឆក់កន្ទោង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង បានលទ្ធផលដូចខាងក្រោម៖
*. របាំងស្បៃមុង៖ រុះរើ និងបំផ្លាញចោលចំនួន ៣៣ ខ្សែ (ប្រវែង ២.៤៧៥ ម៉ែត្រ) និងលូស្បៃមុងចំនួន ៣៥ មាត់។
*. របាំង និងលបរ៉ាវ (ក្រឡា ២ស.ម)៖ បំផ្លាញចោលរបាំងសាច់រ៉ាវចំនួន ០២ ខ្សែ (ប្រវែង ២១០ ម៉ែត្រ) និងលបរ៉ាវចំនួន ០២ គ្រឿង។
*. ប្រមូល និងបំផ្លាញបង្គោលចម្រឹងឫស្សីចំនួន ៤៩៥ ដើម។
*.បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ៤០០ គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សានិរន្តរភាពពូជត្រី។
លោកនាយខណ្ឌរដ្ឋបាលជលផល បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទទាំងអស់ ឱ្យចូលរួមគោរពច្បាប់ស្តីពីជលផល ដោយត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសនៅក្នុងរដូវបិទនេសាទនេះ ដើម្បីទុកឱកាសឱ្យមច្ឆជាតិពងកូន និងរីកធំធាត់។
លោកបានសង្កត់ធ្ធន់បន្ថែមថា ៖ «រាល់ជនប្រព្រឹត្តិល្មើសទាំងឡាយណាដែលសមត្ថកិច្ចឃាត់ខ្លួនបាន នឹងត្រូវបញ្ជូនទៅអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែង ឬយោគយល់ឡើយ»៕


