ខេត្តស្ទឹងត្រែង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
សមិទ្ធផលដែល សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមាន៖ ទីលានតេជោធិបតី វេទិកានាគជ័យ សួនបវរធិបតី សួនសុវណ្ណភូមិ និងសួនរូបម្នាស់ទឹកឃ្មុំ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធដែលបានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅបានយ៉ាងរលូនល្អ និងទទួលបានលទ្ធលផយ៉ាងគាប់ប្រសើរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសពលរដ្ឋខេត្តស្ទឹងត្រែង ដែលបានជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធានគណបក្ស, គណបក្សប្រជាជនបានកសាងប្រទេសតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ដោយបានឈរលើមាគា៍នៃនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ បាននាំមកនូវសន្ដិភាព និងឯកភាពជាតិពេញលេញ ធ្វើឱ្យប្រទេសកម្ពុជា និងខេត្តស្ទឹងត្រែងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ៕


