រដ្ឋបាលស្រុកអង្គស្នួលកម្ទេចសំណង់លើផ្លូវសាធារណៈរបស់មេឃុំបែកចាន ទុកមួយចំណែកផ្ដល់ឱកាសឲ្យសុំច្បាប់

រដ្ឋបាលស្រុកអង្គស្នួលកម្ទេចសំណង់លើផ្លូវសាធារណៈរបស់មេឃុំបែកចាន ទុកមួយចំណែកផ្ដល់ឱកាសឲ្យសុំច្បាប់

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៦ លោករស់ រ៉ុម អភិបាលរងស្រុកអង្គស្នួល បានដឹកនាំកម្លាំងរួមជាមួយនឹងលោកស៊ិន សំអាង មេឃុំបែកចាននិងជាម្ចាស់ដីផ្ទាល់ បានចុះវាស់វែងរៀបចំនិងបិទការធ្វើសំណង់លើផ្លូវសាធារណៈ។ យ៉ាងណាក៏ដោយ អាជ្ញាធរ បែរជាទុកមួយចំណែកនៅជាប់របងខណ្ឌចែករវាងដីកម្មសិទ្ធិ និងផ្លូវសាធារណៈ ដើម្បីឲ្យម្ចាស់ដីសុំច្បាប់សាងសង់សំណង់នៅលើចំណែកផ្លូវសាធារណៈបន្តទៀត។

លោកស៊ិន សារី កូនប្រុសរបស់លោកមេឃុំបែកចានបានប្រាប់អ្នកកាសែតថា អាជ្ញាធរបានព្រមព្រៀងក្នុងការកំណត់ឲ្យលោកធ្វើសំណើសុំច្បាប់ ដើម្បីសាងសង់បន្ទប់ជួលដែលនៅជាប់របងដីស្របច្បាប់ របស់លោកនៅលើទីតាំងដដែលនោះគ្រាន់តែតូចជាងមុន។ យ៉ាង ណាក៏ដោយលោកមេឃុំ បានព្រមឲ្យមានការផ្អាកការ សាងសង់សំណង់លើផ្លូវសាធារណៈនោះហើយ។

គួរបញ្ជាក់ថានៅលើបណ្ដាញសង្គមរបស់អ្នកកាសែតនៅឯឃុំបែកចានបានលែបខាយយ៉ាងដូច្នេះថា ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ លោកមេឃុំបែកចាន ហៅមកជួបប្រាប់សាច់រឿង ហើយក៍គាត់ផ្តាំផ្ញើពាក្យសំដី របស់ គាត់ទៅកាន់អង្គភាពសារព័ត៌មានណា ដែលបានចេញ ផ្សាយរូប លោកមេឃុំថា សាងសង់រំលោភបំពានលើ ផ្លូវសារធារណៈ ភូមិព្រៃបឹង ឃុំបែកចាន ឱ្យមកសាលាឃុំបែកចានមក លោកមេឃុំគាត់ជូន ៥០មុឺន ដើម្បីអោយផ្សព្វផ្សាយបន្តទៀត កុំស្ងាត់ស្ងៀម។

រឿងរ៉ាវរបស់លោកមេឃុំបែបចាននិងកូនដែលសង់បន្ទប់ជួលលើផ្លូវសាធារណៈអាចចាត់ទុកជាគំរូអាក្រក់មួយក្នុងនាមជាមេឃុំជាអង្គនីតិប្រតិបត្តិថ្នាក់ក្រោមបំផុតនិងជិតដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទៀតផងនោះលោកស៊ិន សំអាង និយាយនៅកន្លែងការដ្ឋានសំណង់កាលពីសប្តាហ៍ថ្ងៃមុននោះថា លោកសង់លើដីរបស់លោកមានកម្មសិទ្ធិត្រឹមត្រូវ ហើយបើរដ្ឋត្រូវការពេលណាលោកនឹងឈូសពេលនោះ។ ពេលនោះលោកបានសង្កត់ធ្ងន់ថា “ខ្ញុំមិនសុំច្បាប់នរណាទេ”។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២០ខែមីនាឆ្នាំ២០២៦ស្ដីពីការហាមឃាត់ ការទប់ស្កាត់ការ សាងសង់សំណង់ ការលក់ ដូរ ការធ្វើអាជីវកម្ម ការដាក់តាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាត។ ក៏ប៉ុន្តែរដ្ឋបាលស្រុកអង្គស្នួលមិនចាប់អារម្មណ៍ នឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាលនោះទេ គឺធ្វើព្រងើយកន្តើយនិងបិទភ្នែកឲ្យមានបទល្មើសពេញមូលដ្ឋានរបស់ខ្លួន។

នៅស្របផ្លូវគ្នានោះ ក៏មានសំណង់មិនស្របច្បាប់ច្រើនកន្លែងសង់លើចិញ្ចើមផ្លូវសាធារណៈដែរ។ ទំនងជាមើលឃើញសំណង់ជាច្រើនរំលោភបំពានផ្លូវសាធារណៈនោះហើយទើបលោកមេឃុំសង់តាម។ រឿងលោកមេឃុំជាបញ្ហាមួយ តែអាជ្ញាធរស្រុកអង្គស្នួលមើលមិនឃើញសំណង់ដែលសង់លើផ្លូវសាធារណៈនៅក្បែរៗនោះទេឬ?៕

Scroll to Top