រាជធានីភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីចែកចាយយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម អំពីការចោទប្រកាន់លើលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ថាតម្រូវឱ្យឧកញ៉ា ជឹម សុខ បង់ប្រាក់ប្រចាំខែចំនួន ១ម៉ឺនដុល្លារនោះ លោក ស៊ន សុភក្រ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News បានចេញមុខចែករំលែកទស្សនៈផ្ទាល់ខ្លួន នៅលើបណ្ដាញសង្គម ដោយបានរំលេចនូវប្រវត្តិការងារ និងការលះបង់ជាច្រើនរបស់ស្នងការរូបនេះ ដើម្បីជាធាតុចូលបន្ថែមសម្រាប់សាធារណជន មុននឹងធ្វើការវាយតម្លៃ។
នៅក្នុងការបញ្ចេញមតិលើបណ្តាញសង្គម លោក ស៊ន សុភក្រ បានលើកឡើងថា លោកមិនទាន់បានឆ្លើយឆ្លងផ្ទាល់ជាមួយលោក ឈឿន ប៊ុនឆន នៅឡើយទេ ប៉ុន្តែក្នុងនាមជាអ្នកស្គាល់គ្នាតាំងពីលោក ឆន នៅធ្វើជាអធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល លោកបានសង្កេតឃើញថា ស្នងការរូបនេះជាមនុស្សធ្វើការមុះមុត លឿនរហ័ស និងមានស្មារតីទទួលខុសត្រូវខ្ពស់។
លោកអគ្គនាយករង Fresh News បានគូសបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងលោក ឈឿន ប៊ុនឆន រួមមាន៖
១. ស្នាដៃ និងបទពិសោធន៍ការងារ៖ ចាប់តាំងពីនៅស្រុកកោះធំ លោក ឈឿន ប៊ុនឆន ធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងលើការងាររឹតបន្តឹងការចេញចូលតាមព្រំដែន។ លុះមកកាន់តំណែងជាស្នងការខេត្តព្រៃវែង លោកតែងតែចុះអន្តរាគមន៍ និងដោះស្រាយបទល្មើសផ្សេងៗភ្លាមៗ រាប់ចាប់ពីករណីក្មេងទំនើង គ្រឿងញៀន ចោរកម្ម និងបញ្ហាចរាចរណ៍ជាដើម។
២. ការអភិវឌ្ឍអង្គភាព៖ លោកបានចំណាយធនធានផ្ទាល់ខ្លួន និងកៀរគរជំនួយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធស្នងការដ្ឋានខេត្តព្រៃវែង អស់ថវិការាប់លានដុល្លារ ដើម្បីសម្រួលដល់ការស្នាក់នៅ និងធ្វើការរបស់កងកម្លាំងរាប់រយនាក់។
៣. ទំនាក់ទំនងជាមួយសប្បុរសជន៖ ពាក់ព័ន្ធនឹងលោកឧកញ៉ា ជឹម សុខ លោក ស៊ន សុភក្រ បានពន្យល់ថា លោកឧកញ៉ាជាអ្នកជំនួញលេចធ្លោក្នុងតំបន់ ហើយត្រូវជាបិតារបស់លោក ជឹម រតនា ស្នងការរងនគរបាលខេត្តព្រៃវែង។ ដូច្នេះ ការចូលរួមវិភាគទានឧបត្ថម្ភដល់ការកសាងអង្គភាព គឺជា រឿងធម្មតានៃកិច្ចសហការ និងការស្ម័គ្រចិត្ត។
៤. ការជួយជ្រោមជ្រែងកងកម្លាំងជួរមុខ៖ លោកស្នងការតែងតែជួយឧបត្ថម្ភសម្ភារ បរិក្ខារ ដូចជាម៉ូតូ អាយកូម ប្រព័ន្ធសូឡា រួមទាំងថវិកាផ្ទាល់ខ្លួនដល់យោធិនដែលមានជីវភាពលំបាក និងមានជំងឺ ព្រមទាំងការទទួលខុសត្រូវលើកងកម្លាំងដែលត្រូវបញ្ជូនទៅបំពេញភារកិច្ចនៅសមរភូមិមុខ។
៥. ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងជំរិតទារប្រាក់ ១ម៉ឺនដុល្លារក្នុងមួយខែ លោក ស៊ន សុភក្រ បានសម្តែងការយល់ឃើញថា លោក ឈឿន ប៊ុនឆន ប្រហែលជាមិនធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងបំផ្លាញការងាររបស់ខ្លួនបែបនេះឡើយ ដោយសារគ្រួសាររបស់លោកក៏មានអាជីវកម្មផ្ទាល់ខ្លួនរឹងមាំផងដែរ។
ជាទីបញ្ចប់ លោក ស៊ន សុភក្រ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មេត្តាពិនិត្យ និងដោះស្រាយករណីនេះដោយតម្លាភាព និងយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីជៀសវាងការវាយតម្លៃដោយខ្វះការពិចារណាលើមន្ត្រីដែលមានសមត្ថភាព និងបានលះបង់កម្លាំងកាយចិត្តដើម្បីជាតិ៕


