មហាជនសង្ស័យសំណង់សាសនា សង់គ្មានច្បាប់នៅជើងភ្នំជីសូ ខណៈអាជ្ញាធរស្រុកសំរោង មិនទាន់ឆ្លើយតបការសាកសួរ

មហាជនសង្ស័យសំណង់សាសនា សង់គ្មានច្បាប់នៅជើងភ្នំជីសូ ខណៈអាជ្ញាធរស្រុកសំរោង មិនទាន់ឆ្លើយតបការសាកសួរ

ខេត្តតាកែវ៖ សំណង់សាសនាមួយកន្លែងដែលកំពុងលេចរូបរាងឡើងនៅតំបន់ជើងភ្នំជីសូ ស្ថិតក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ កំពុងរងការសង្ស័យ និងបង្កជាការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជុំវិញភាពស្របច្បាប់នៃការសាងសង់ ព្រមទាំងផលប៉ះពាល់ដែលអាចកើតមានលើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភណ្ឌមួយនេះ។

យោងតាមការសង្កេត និងការលើកឡើងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា ការសាងសង់សំណង់សាសនាខាងលើ អាចនឹងពុំទាន់មានលិខិតបទដ្ឋានផ្លូវច្បាប់ ឬការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធនៅឡើយ ដែលករណីនេះទាមទារឱ្យមានការបំភ្លឺជាសាធារណៈ ដើម្បីជៀសវាងការយល់ច្រឡំ។

ពាក់ព័ន្ធនឹងកង្វល់នេះ អង្គភាពសារព័ត៌មាន «ពេញចិត្តមេឌា» បានខិតខំស្វែងរកការបញ្ជាក់ និងសុំការបកស្រាយផ្ទាល់ពី លោក កៅ វគ្គសែល អភិបាលនៃគណៈអភិបាលស្រុកសំរោង ដើម្បីសាកសួរជុំវិញចំណុចសំខាន់ៗមួយចំនួន រួមមាន៖

ការពិនិត្យមើលថាតើសំណង់នេះមានលិខិតអនុញ្ញាតពីមន្ទីរធម្មការ និងសាសនា ឬមន្ទីររៀបចំដែនដី ខេត្តតាកែវ រួចរាល់ហើយឬនៅ?

ចំណាត់ការរបស់អាជ្ញាធរស្រុក និងឃុំរវាង ក្នុងការចុះត្រួតពិនិត្យ ស្រាវជ្រាវ ឬផ្អាកការសាងសង់បណ្តោះអាសន្ន។

ការវាយតម្លៃផលប៉ះពាល់លើតំបន់បេតិកភណ្ឌពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងទិសដៅដោះស្រាយរបស់រដ្ឋបាលស្រុក។

យ៉ាងណាក៏ដោយ គិតត្រឹមពេលផ្សាយនេះ អង្គភាពសារព័ត៌មានយើង នៅពុំទាន់ទទួលបានការបំភ្លឺពី លោក កៅ វគ្គសែល អភិបាលស្រុកសំរោង នៅឡើយទេ។ ក្រុមការងារបានព្យាយាមទំនាក់ទំនងផ្ញើសារសាកសួរតាមប្រព័ន្ធបណ្តាញសង្គម Telegram ដោយពិនិត្យឃើញថាមានសញ្ញាទទួលមើលសាររួចរាល់ (សញ្ញាគ្រីសពីរ) ក៏ប៉ុន្តែមិនទាន់មានការឆ្លើយតបត្រឡប់មកវិញនោះទេ។

អង្គភាពសារព័ត៌មាន ពេញចិត្តមេឌា សូមរក្សាសិទ្ធិក្នុងការទទួលយកការបកស្រាយ ឬបំភ្លឺគ្រប់ពេលវេលាពី លោក កៅ វគ្គសែល អភិបាលស្រុកសំរោង ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធជុំវិញករណីនេះ ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបច្បាស់ និងគ្រប់ជ្រុងជ្រោយតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕

img 20260731 131947 342

Scroll to Top