ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស តាមរយៈប្រព័ន្ធវីដេអូរយៈចម្ងាយឆ្ងាយ (Zoom) ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្ត ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងពង្រឹងកិច្ចសហការ និងដាក់ចេញនូវវិធានការជំនាញបន្ថែមទៀត ក្នុងគោលដៅលុបបំបាត់ និងបង្ក្រាបបទល្មើសព័ត៌មានវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានបញ្ជាក់យ៉ាងច្បាស់អំពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាសកល និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
ឆ្លើយតបនឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី បាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តរាល់ទិសដៅការងារ និងវិធានការក្ដៅៗដែលបានដាក់ចេញ ដើម្បីបង្កើនការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមគ្រប់រូបភាពនៅក្នុងភូមិសាស្ត្រខេត្ត ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងបន្ថែមទៀត៕


