តាកែវ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ អាជ្ញាធរបានរៀបចំពិធីប្រកាសដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ សម្រាប់ការសាងសង់ផ្លូវបេតុងអាមេ នៅឃុំលាយបូរ និងឃុំឧត្តមសុរិយា ដោយមានក្រុមហ៊ុន និងអ្នកម៉ៅការជាច្រើនចូលរួមប្រកួតប្រជែង។
សម្រាប់ឃុំលាយបូរ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៦៨០ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ៤៥៣,១០២,៣៩៣រៀល។ ក្រុមហ៊ុនចំនួន ៦ បានដាក់សំណើដេញថ្លៃ រួមមាន៖
ហែម សុខដា សំណង់អភិវឌ្ឍន៍៖ ៣៣៨,៦០០,០០០រៀល
កឹម ពុទ្ធា៖ ៣៥៩,០០០,០០០រៀល
ស្រី លីន សម្បត្តិ៖ ៣៤៤,០៨០,០០០រៀល
សំណង់ គុណម្ដាយ៖ ១៧៦,៦៦៤,០០០រៀល
ប៉េង ផេងឃាង សំណង់អភិវឌ្ឍន៍៖ ៣២២,០០០,០០០រៀល
សំណង់ សុភាព៖ ១៩៣,៥០០,០០០រៀល
ជាលទ្ធផល គម្រោងនេះត្រូវបានប្រគល់ជូន ក្រុមហ៊ុន សំណង់ គុណម្ដាយ ដែលដាក់ថ្លៃ ១៧៦,៦៦៤,០០០រៀល។
ដោយឡែក ឃុំឧត្តមសុរិយា គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៤១២ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ២៧៥,០៤២,៥០៣រៀល។ មានក្រុមហ៊ុនចំនួន ៥ ចូលរួមដេញថ្លៃ រួមមាន៖
សំណង់ទូទៅ តុង លីហួ៖ ១៩៩,៥០០,០០០រៀល
ហែម សុខដា សំណង់អភិវឌ្ឍន៍៖ ២០៥,០០០,០០០រៀល
សំណង់ ក្រុងដូនកែវ៖ ១២៧,០០០,០០០រៀល
សំណង់ ស្រី លីន សម្បត្តិ៖ ២០៨,៤៧២,០០០រៀល
សំណង់ សុភាព៖ ១១៧,២០០,០០០រៀល
ជាលទ្ធផល គម្រោងនេះត្រូវបានប្រគល់ជូន ក្រុមហ៊ុន សំណង់ សុភាព ដែលដាក់ថ្លៃ ១១៧,២០០,០០០រៀល។
គួរឱ្យកត់សម្គាល់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិអនុវត្តគម្រោងទាំងពីរ សុទ្ធតែជាក្រុមហ៊ុនដែលដាក់ថ្លៃទាបជាងគេក្នុងចំណោមអ្នកចូលរួមដេញថ្លៃ។ ការដាក់ថ្លៃទាបអាចជាយុទ្ធសាស្ត្រប្រកួតប្រជែងតាមទីផ្សារ ប៉ុន្តែក៏ជាចំណុចដែលមហាជនមួយចំនួនចាប់អារម្មណ៍ផងដែរ ថាតើថវិកាក្នុងកម្រិតនេះ អាចធានាបាននូវគុណភាពសំណង់ ស្តង់ដារបច្ចេកទេស និងអាយុកាលប្រើប្រាស់ដូចការកំណត់ដែរឬទេ។
ដើម្បីលើកកម្ពស់តម្លាភាព និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ សូមអំពាវនាវដល់មន្ត្រីជំនាញ ពិសេសគណៈកម្មការលទ្ធកម្ម អង្គភាពបច្ចេកទេស និងស្ថាប័នពាក់ព័ន្ធ ឱ្យពិនិត្យយ៉ាងម៉ត់ចត់លើសមត្ថភាពក្រុមហ៊ុនដែលទទួលបានគម្រោង ក៏ដូចជាតាមដានការអនុវត្តការងារនៅគ្រប់ដំណាក់កាល ដើម្បីធានាថា សំណង់ដែលប្រើប្រាស់ថវិការដ្ឋមានគុណភាព ស្របតាមលក្ខណៈបច្ចេកទេស និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ៕


