ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្រុកបាទី។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ឈ្មោះ ថន វណ្ណឡុង អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឈ្មោះ ឈឹម រដ្ឋា អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់ ទម្ងន់សរុប ១៥,២៦ក្រាម (ថ្លឹងទាំងសំបកថង់) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង និងរថយន្ត ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


