ពលរដ្ឋភូមិត្នោតជុំ ស្នើសមត្ថកិច្ចជួយបង្ក្រាបក្រុមចោរលួចសត្វមាន់ ទា និងក្ងាន ក្រោយកើតហេតុជាបន្តបន្ទាប់

ពលរដ្ឋភូមិត្នោតជុំ ស្នើសមត្ថកិច្ចជួយបង្ក្រាបក្រុមចោរលួចសត្វមាន់ ទា និងក្ងាន ក្រោយកើតហេតុជាបន្តបន្ទាប់

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានសម្តែងការព្រួយបារម្ភ និងអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអធិការដ្ឋាននគរបាលស្រុកទ្រាំង ជួយចាត់វិធានការបង្ក្រាប ក្រោយមានករណីក្រុមជនសង្ស័យធ្វើសកម្មភាពលួចមាន់ ទា និងក្ងានរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។

តាមការអះអាងពីប្រជាពលរដ្ឋ រួមទាំងវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បង្ហាញថា មានជនសង្ស័យជាក្រុមជិះម៉ូតូជាច្រើនគ្រឿង ចូលធ្វើសកម្មភាពលួចសត្វចិញ្ចឹមតាមផ្ទះប្រជាពលរដ្ឋនៅពេលយប់ ដោយមិនញញើតច្បាប់ឡើយ។ ប្រជាពលរដ្ឋអះអាងថា សកម្មភាពបែបនេះបានកើតឡើងជាញឹកញាប់ បង្កឱ្យពួកគាត់បាត់បង់ទ្រព្យសម្បត្តិ និងរស់នៅក្នុងភាពភ័យខ្លាច។

ប្រជាពលរដ្ឋបានលើកឡើងថា រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញមានការចាប់ខ្លួនជនសង្ស័យណាម្នាក់បាននៅឡើយទេ ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភចំពោះសន្តិសុខក្នុងមូលដ្ឋាន និងស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចពង្រឹងការល្បាត និងអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំង មេត្តាចាត់វិធានការស្រាវជ្រាវ ស្វែងរកជនសង្ស័យ និងបង្ក្រាបក្រុមដែលពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»៕

img 20260729 114248 314 img 20260729 114247 516 img 20260729 114248 099 img 20260729 114247 630 img 20260729 114247 783 img 20260729 114247 554

 

Scroll to Top