ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតាខ្សាច់កណ្តាល, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណដីធ្លី) សរុបចំនួន ២៣,០៦៧ បណ្ណ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុង ១៧ភូមិ (ស្ថិតក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល)។
នៅក្នុងឱកាសនោះ សម្ដេចធិបតីបានរំឭកថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីបញ្ហាកកស្ទះក្នុងការចេញបណ្ណដីធ្លីជូនប្រជាពលរដ្ឋនេះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា៖
ការស្វែងយល់ពីឫសគល់៖ មានកត្តាច្រើនយ៉ាងដែលរាជរដ្ឋាភិបាលត្រូវក្តាប់ឱ្យជាប់ ដើម្បីដឹងថាតើមូលហេតុពិតប្រាកដមកពីអ្វី និងត្រូវដាក់ចេញនូវវិធានការដោះស្រាយបែបណាឱ្យចំគោលដៅ។
ការសហការដោះស្រាយ៖ បញ្ហាកកស្ទះនេះមិនមែនកើតមានតែលើការងារវាស់វែង ឬការចុះបញ្ជីប៉ុណ្ណោះទេ។ កន្លងមក ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសិក្សាស្រាវជ្រាវលើបញ្ហានេះនៅទូទាំងប្រទេសរួចហើយ ដើម្បីរួមគ្នារកដំណោះស្រាយ។
ការប្តេជ្ញាចិត្ត៖ រាជរដ្ឋាភិបាលនឹងខិតខំជំរុញ និងពន្លឿនការងារនេះឱ្យរឹតតែឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕


