ខេត្តតាកែវ៖ សកម្មភាពចាក់ដីក្នុងផ្ទៃបឹងតាកែវ សម្រុកធ្វើឡើងដើម្បីរៀបចំសោភ័ណភាពក្រុង កំពុងបង្កើតឱ្យមានរលកក្តីកង្វល់ថ្មីមួយពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីវាសនានៃប្រភពទឹកដ៏សំខាន់មួយនេះនាពេលអនាគត។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចេញមុខបកស្រាយ និងបដិសេធចំពោះព័ត៌មានលេចឮថា មានការ «ស៊ុមគ្រលំ» ចាក់ដីលុបបឹងដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ការចាក់ដីនៅផ្នែកខ្លះនៃបឹង គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍រួម រួមមាន៖
ការសាងសង់ប្រាសាទសេរីវិជ័យ និងវេទិកាអុំទូក
ការរៀបចំសួនច្បារ និងផ្លូវក្រវាត់បឹង
ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្លូវចូលសណ្ឋាគារលំដាប់ផ្កាយ៤
លោកបានសង្កត់ធ្ងន់ថា គម្រោងទាំងអស់នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងដូនកែវ និងជំរុញវិស័យទេសចរណ៍ មិនមែនជាការរំលោភយកដីសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ឡើយ។
ទោះជាយ៉ាងណា ឆ្លើយតបនឹងការបកស្រាយនេះ ប្រជាពលរដ្ឋ និងបណ្តាញសារព័ត៌មានក្នុងស្រុក បានបង្ហាញថា ក្តីបារម្ភពិតប្រាកដរបស់ពួកគេ មិនមែនស្ថិតលើការចោទប្រកាន់រឿង «លួចលក់ដីបឹង» នោះទេ ប៉ុន្តែគឺស្ថិតលើ «ផលប៉ះពាល់បរិស្ថាន និងនិរន្តរភាពនៃប្រភពទឹក» ទៅវិញ។
ប្រជាពលរដ្ឋបានលើកឡើងថា បឹងតាកែវ គឺជា «បេះដូង» និងជា «ប្រភពទឹកដង្ហើម» ដ៏សំខាន់បំផុតសម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង ៤ម៉ឺនគ្រួសារ។ ការបន្តចាក់ដីបម្រុងបឹងដោយគ្មានការសិក្សាផលប៉ះពាល់បរិស្ថាន (EIA) ឱ្យបានច្បាស់លាស់ អាចនឹងធ្វើឱ្យផ្ទៃស្តុកទឹកកាន់តែរួមតូច ដែលប្រឈមនឹងគ្រោះរាំងស្ងួត ឬខ្វះខាតទឹកប្រើប្រាស់នៅថ្ងៃខាងមុខ។
«ពួកយើងមិនដែលប្រឆាំងនឹងការអភិវឌ្ឍរបស់អាជ្ញាធរខេត្តនោះទេ ប៉ុន្តែយើងចង់បានការអភិវឌ្ឍមួយដែលមានទស្សនវិស័យវែងឆ្ងាយ។ គម្រោងថ្មីៗគួរតែដើរទន្ទឹមគ្នានឹងការថែរក្សាប្រភពទឹក ដើម្បីធានាថាពលរដ្ឋមិនត្រូវជួបវិបត្តិខ្វះទឹកប្រើប្រាស់នាពេលអនាគត»នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ។
មតិទូទៅរបស់សាធារណជនបានបូកសរុបជាសំណួរគន្លឹះមួយថា ៖ «តើការអភិវឌ្ឍនាពេលបច្ចុប្បន្ន អាចធានាបានដែរឬទេថា បឹងតាកែវនឹងនៅតែមានសមត្ថភាពស្តុក និងផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់កូនចៅជំនាន់ក្រោយ?»៕


