មជ្ឈដ្ឋានមហាជនចោទសួរ៖ តើលោក ថង សាវុន មានសិទ្ធិចុះហត្ថលេខាលើឯកសារ ក្រោយមានព្រះរាជក្រឹត្យបញ្ចប់តំណែងដែរឬទេ?

មជ្ឈដ្ឋានមហាជនចោទសួរ៖ តើលោក ថង សាវុន មានសិទ្ធិចុះហត្ថលេខាលើឯកសារ ក្រោយមានព្រះរាជក្រឹត្យបញ្ចប់តំណែងដែរឬទេ?

ខេត្តមណ្ឌលគីរី៖ ករណីបែកធ្លាយឯកសារផ្លូវការមួយដែលចុះហត្ថលេខាដោយលោក ថង សាវុន អតីតអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កំពុងបង្កើតឱ្យមានការដេញដោល និងមតិសង្ស័យយ៉ាងខ្លាំងពីសាធារណជន។ ការដេញដោលនេះកើតឡើងបន្ទាប់ពីគេរកឃើញថា ព្រះរាជក្រឹត្យស្ដីពីការបញ្ចប់តំណែងរបស់លោក និងការតែងតាំងអភិបាលខេត្តថ្មី ត្រូវបានឡាយព្រះហស្តលេខារួចរាល់តាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ម្ល៉េះ។

ព្រឹត្តិការណ៍នេះបានចោទជាការសង្ស័យ និងសំណួរផ្លូវច្បាប់ជាច្រើនក្នុងចំណោមប្រជាពលរដ្ឋថា «តើការចុះហត្ថលេខាលើឯកសាររដ្ឋបាល បន្ទាប់ពីមានព្រះរាជក្រឹត្យចូលជាធរមាន ប៉ុន្តែមុនពិធីប្រគល់-ទទួលតំណែងផ្លូវការ ស្របច្បាប់ ឬខុសច្បាប់?»

ឯកសារដែលបែកធ្លាយតាមរយៈលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងសម្រេចលើអាជីវកម្មរុករករ៉ែជាមួយក្រុមហ៊ុន សេងឌី ឡុង ដែលករណីនេះត្រូវបានគេមើលឃើញថា អាចមានទំនាក់ទំនងផលប្រយោជន៍រវាងភាគីទាំងបី។

ដើម្បីឆ្លើយតបទៅនឹងមតិមហាជន និងបកស្រាយភាពស្រពិចស្រពិលលើដែនសមត្ថកិច្ចផ្លូវច្បាប់ សាធារណជនបានស្នើសុំឱ្យ ក្រសួងមហាផ្ទៃ និង រដ្ឋបាលខេត្តមណ្ឌលគិរី ជួយធ្វើការបកស្រាយ និងរៀបចំការស៊ើបអង្កេតលើចំណុចគន្លឹះចំនួន ៣ ដូចខាងក្រោម៖

កាលបរិច្ឆេទបញ្ចប់សមត្ថកិច្ច៖ តើលោក ថង សាវុន បញ្ចប់សិទ្ធិ និងភារកិច្ចជាអភិបាលខេត្តមណ្ឌលគិរីជាផ្លូវការចាប់ពីថ្ងៃណា (ថ្ងៃចេញព្រះរាជក្រឹត្យ ឬថ្ងៃផ្ទេរតំណែង)?

កាលបរិច្ឆេទផ្ទេរ-ទទួលតំណែង៖ តើពិធីប្រគល់ និងទទួលតំណែងផ្លូវការរវាងលោក ថង សាវុន និងលោក គង់ គឹមនី អភិបាលខេត្តថ្មី ត្រូវបានធ្វើឡើងនៅថ្ងៃណា?

សុពលភាពច្បាប់នៃហត្ថលេខា៖ គិតត្រឹមថ្ងៃទី២៦ ខែឧសភា តើលោក ថង សាវុន នៅមានសមត្ថកិច្ចតាមផ្លូវច្បាប់ក្នុងការចុះហត្ថលេខាលើសេចក្តីសម្រេចពាក់ព័ន្ធនឹងការអនុញ្ញាតរុករករ៉ែដែរឬទេ?

មហាជន និងអ្នកតាមដានផ្លូវច្បាប់បានលើកឡើងថា ប្រសិនបើការបកស្រាយផ្លូវការបញ្ជាក់ថា សិទ្ធិ និងអំណាចផ្លូវច្បាប់របស់លោក ថង សាវុន ត្រូវបញ្ចប់ត្រឹមថ្ងៃទី២៣ ខែឧសភា (ថ្ងៃចេញព្រះរាជក្រឹត្យ) នោះរាល់លិខិត ឬសេចក្តីសម្រេចទាំងឡាយដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែឧសភា នឹងត្រូវចាត់ទុកជា មោឃៈ (គ្មានសុពលភាពផ្លូវច្បាប់) ហើយអាចឈានទៅដល់ការពិនិត្យទំនួលខុសត្រូវផ្នែករដ្ឋបាល និងផ្លូវច្បាប់បន្ថែមទៀត។

សាធារណជនរំពឹងថា ក្រសួងមហាផ្ទៃនឹងមានវិធានការស៊ើបអង្កេតដោយតម្លាភាព ដើម្បីបង្ហាញការពិតជូនប្រជាពលរដ្ឋ និងរក្សាសក្ដានុពលនៃនីតិរដ្ឋក្នុងស្ថាប័នរដ្ឋ៕

fb img 1785061019346 fb img 1785061007103 fb img 1785061012690 fb img 1785061022125 fb img 1785061027380

Scroll to Top