ខេត្តតាកែវ៖ ទោះបីជាមានការចុះបង្ក្រាបទីតាំងល្បែងជល់មាន់ខុសច្បាប់មួយកន្លែង នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ពីសំណាក់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ជា សុផល ក៏ដោយ ក៏ព្រឹត្តិការណ៍នេះបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរលើការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋាន ក្នុងការបណ្តែតបណ្តោយឱ្យមានវង់ល្បែងស៊ីសងខុសច្បាប់នេះកើតឡើង និងដំណើរការបានយ៉ាងរលូននាពេលកន្លងមក។
បើទោះបីជាភាគីសមត្ថកិច្ចបានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់លោកស្នងការនគរបាលខេត្តតាកែវ និងដើម្បីអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃយ៉ាងណាក៏ដោយ ក៏មហាជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមើលឃើញថា ការបណ្តោយឱ្យទីតាំងល្បែងស៊ីសងខុសច្បាប់អាចបើកដំណើរការបានយ៉ាងអនាធិបតេយ្យបែបនេះ គឺជាភាពទន់ខ្សោយ និងជាការខកខានក្នុងការបំពេញភារកិច្ចយ៉ាងធ្ងន់ធ្ងររបស់អាជ្ញាធរភូមិ-ឃុំ ដែលជាអ្នកក្តាប់សភាពការណ៍ផ្ទាល់នៅមូលដ្ឋាន។
ការទុកឱ្យមានទីតាំងល្បែងស៊ីសងក្នុងភូមិ-ឃុំ បែបនេះ មិនត្រឹមតែបង្ហាញពីការខ្វះស្មារតីទទួលខុសត្រូវ និងការប្រហែសក្នុងការគ្រប់គ្រងសន្តិសុខពីសំណាក់អាជ្ញាធរដែនដីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំពុងបំផ្លាញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ល្បែងស៊ីសងគឺជាដើមហេតុបង្កើតឱ្យមានអំពើហិង្សាក្នុងគ្រួសារ ជំពាក់បំណុលគេជុំទិស ការលក់ដូរទ្រព្យសម្បត្តិ និងបង្កើតឱ្យមានបទល្មើសចោរកម្ម លួច ឆក់ ប្លន់ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច និងបាត់បង់ភាពសុខសាន្ត។
ប្រជាពលរដ្ឋបានរិះគន់ថា អាជ្ញាធរដែនដី និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មិនគួររងចាំតែមានបទបញ្ជាពីថ្នាក់លើ ឬចាំទាល់តែរឿងហេតុបែកធ្លាយ ទើបចេញមុខទប់ស្កាត់នោះឡើយ។ ក្នុងនាមជាអាជ្ញាធរជិតស្និទ្ធជាមួយប្រជាពលរដ្ឋបំផុត ពួកគេត្រូវមានការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់នឹងតួនាទី និងក្តាប់ឱ្យជាប់រាល់សកម្មភាពមិនប្រក្រតីក្នុងដែនដីរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា កុំឱ្យល្បែងស៊ីសងអាចរញ៉េរញ៉ៃ និងបំផ្លាញសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋតាំងពីដំបូងមកម៉្លេះ៕


