ខេត្តមណ្ឌលគិរី៖ កញ្ចប់ថវិកាលទ្ធកម្មរបស់រដ្ឋបាលស្រុកពេជ្រាដា សរុបជាង ១,០៤៤ លានរៀល សម្រាប់អនុវត្តគម្រោងចំនួន ៣ បានធ្វើឱ្យមហាជនមួយចំនួនចោទជាសំណួរអំពី តម្លាភាព ប្រសិទ្ធភាព និងភាព សមរម្យនៃការចំណាយថវិការដ្ឋ។ តើគួរមានការស៊ើប អង្កេតចំពោះការចំណាយថវិកានេះដែរឬទេ?
យោងតាមតារាងផែនការលទ្ធកម្មរបស់រដ្ឋបាលស្រុកពេជ្រាដា ឆ្នាំ២០២៥ ដែលគ្រោងអនុវត្តនៅឆ្នាំ២០២៦ គម្រោងទាំង ៣ រួមមាន៖
១-ជួសជុលកែលម្អការ៉ូឡា ទំហំ ៨០ ម៉ែត្រការ៉េ ដាំដើម ផ្កា និងដំឡើងភ្លើងសូឡា នៅមុខសាលាស្រុក តម្លៃ ៣២០ លានរៀល។
២-ជួសជុលរបងសាលាស្រុក កម្ពស់ ២ ម៉ែត្រ ប្រវែងសរុប ៤២ ម៉ែត្រ តម្លៃ ៥០ លានរៀល។
៣-ជួសជុលផ្លូវបេតុងអាមេ ទទឹង ៤ ម៉ែត្រ ប្រវែង ៦៧៥ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ស្ថិតនៅភូមិពូទីត ឃុំប៊ូស្រា តម្លៃ ៦៧០.៧៧ លានរៀល។
តាមការគណនាពីទិន្នន័យដែលមាន៖
ទី១៖ គម្រោងការ៉ូឡា ៨០ ម៉ែត្រការ៉េ តម្លៃ ៣២០ លានរៀល។ ដូច្នេះ ៣២០,០០០,០០០ ÷ ៨០ = ៤,០០០,០០០ រៀល ក្នុង១ម៉ែត្រការ៉េ
ស្មើប្រហែល ១,០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ (គិតអត្រាប្តូរ ១ ដុល្លារ ≈ ៤,០០០ រៀល)
ទី២៖ គម្រោងផ្លូវបេតុងអាមេ ,តម្លៃសរុប ៦៧០, ៧៧០,០០០ រៀល សម្រាប់ប្រវែង ៦៧៥ ម៉ែត្រ។ ជាមធ្យមប្រហែល ៩៩៣,៧៣៣ រៀល ក្នុង១ម៉ែត្របណ្ដោយ ឬប្រមាណ ២៤៨ ដុល្លារ ក្នុងមួយម៉ែត្រ។
ប្រសិនបើគិតតាមផ្ទៃក្រឡា ផ្លូវមានទំហំ ២,៧០០ ម៉ែត្រការ៉េ (៦៧៥ × ៤) ដែលស្មើប្រមាណ ៦២ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ទិន្នន័យខាងលើបានធ្វើឱ្យមហាជនមួយចំនួនមានចម្ងល់ថា តើថវិកាដែលបានកំណត់នេះ ស្របទៅនឹងបរិមាណការងារ គុណភាពសំណង់ និងតម្លៃទីផ្សារដែរឬទេ។ ទោះជាយ៉ាងណា ការគណនាខាងលើគ្រាន់តែជាការបែងចែកតម្លៃជាមធ្យមតាមទិន្នន័យដែលមានប៉ុណ្ណោះ មិនអាចសន្និដ្ឋានថាមានភាពមិនប្រក្រតីនោះទេ ព្រោះតម្លៃជាក់ស្តែងអាចរួមបញ្ចូលការងារបន្ថែម សម្ភារៈ បច្ចេកទេស និងចំណាយផ្សេងៗទៀត។
ដើម្បីឱ្យមហាជនអស់មន្ទិលសង្ស័យ និងលើកកម្ពស់គោលការណ៍តម្លាភាព គណនេយ្យភាព និងការប្រើប្រាស់ថវិការដ្ឋប្រកបដោយប្រសិទ្ធភាព សារព័ត៌មានយើងខ្ញុំសូមអំពាវនាវដល់ រដ្ឋបាលស្រុកពេជ្រាដា មេត្តាចេញសេចក្តីបំភ្លឺ ឬផ្តល់ព័ត៌មានលម្អិតអំពីមូលដ្ឋានគណនាតម្លៃ និងលក្ខណៈបច្ចេកទេសនៃគម្រោងទាំងនេះ ដើម្បីឱ្យសាធារណជនបានយល់ច្បាស់។
ជាមួយគ្នានេះដែរ ប្រសិនបើអង្គភាពមានសមត្ថកិច្ចយល់ឃើញថា មានមូលដ្ឋានត្រូវពិនិត្យបន្ថែម សូម អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពិចារណាពិនិត្យ និងស្រាវជ្រាវលើដំណើរការលទ្ធកម្ម និងការប្រើប្រាស់ថវិកានៃគម្រោងទាំងនេះ តាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីធានាថា ការចំណាយថវិការដ្ឋប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងរក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕


