អនុប្រធានការិយាល័យលូទឹក បែរជាដឹកនាំដោះស្រាយគ្រោះថ្នាក់ចរាចរណ៍! តើជាការប្រើធនធានមនុស្សត្រឹមត្រូវ ឬភាពមិនប្រក្រតីក្នុងការចាត់តាំងភារកិច្ច?

អនុប្រធានការិយាល័យលូទឹក បែរជាដឹកនាំដោះស្រាយគ្រោះថ្នាក់ចរាចរណ៍! តើជាការប្រើធនធានមនុស្សត្រឹមត្រូវ ឬភាពមិនប្រក្រតីក្នុងការចាត់តាំងភារកិច្ច?

កណ្ដាល៖ នៅក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ការចាត់តាំងមន្ត្រីឱ្យបំពេញការងារត្រូវផ្អែកលើ ជំនាញ សមត្ថភាព និងភារកិច្ចតាមមុខតំណែង ដើម្បីធានាប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ប៉ុន្តែករណីដែលមានការលើកឡើងថា លោក អ៊ឹម គឹមសួរ អនុប្រធានការិយាល័យលូទឹក និងប្រព័ន្ធចម្រុះ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវបានប្រគល់ភារកិច្ចឱ្យចេញមុខដោះស្រាយ និងវាយតម្លៃការខូចខាតករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងតាខ្មៅ បានធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ និងរិះគន់ជុំវិញភាពសមស្របនៃការចាត់តាំងភារកិច្ចនេះ។

តាមការលើកឡើងរបស់លោក អ៊ឹម គឹមសួរ ផ្ទាល់ បានអះអាងថា ការងារនេះគឺអនុវត្តតាមការប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំមន្ទីរ ដោយសារភាពចាំបាច់។ ទោះជាយ៉ាងណា សំណួរដែលសាធារណជនចង់ដឹងគឺ៖ តើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ពិតជាខ្វះមន្ត្រីជំនាញផ្នែកចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធដល់ថ្នាក់ត្រូវយកមន្ត្រីជំនាញខាងលូទឹក មកវាយតម្លៃការខូចខាតករណីគ្រោះថ្នាក់ចរាចរណ៍មែនឬ?

ប្រភពពីមន្ត្រីមួយចំនួនបានអះអាងថា លោក អ៊ឹម គឹមសួរ មានការងារមមាញឹកជាច្រើន រួមទាំងការងារពាក់ព័ន្ធនឹងការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ការដាក់ភ្លើងស្តុប និងគំនូសចរាចរណ៍ ដែលមានការពាក់ព័ន្ធជាមួយក្រុមហ៊ុនឯកជន។ ការលើកឡើងបែបនេះ បានធ្វើឱ្យមហាជនកាន់តែមានចម្ងល់ថា តើការចាត់តាំងការងារទាំងនេះ ធ្វើឡើងដោយផ្អែកលើជំនាញពិតប្រាកដ ឬមានកត្តាផ្សេងទៀតនៅពីក្រោយ?

ការរិះគន់ក្នុងករណីនេះ មិនមែនសំដៅលើបុគ្គលណាម្នាក់ជាពិសេសនោះទេ ប៉ុន្តែជាការលើកឡើងពី គោលការណ៍គ្រប់គ្រងធនធានមនុស្សក្នុងស្ថាប័នរដ្ឋ។ ប្រសិនបើមន្ត្រីម្នាក់ត្រូវបានចាត់តាំងឱ្យធ្វើការងារមិនស្របនឹងជំនាញ និងតួនាទីរបស់ខ្លួន នោះអាចបង្កឱ្យមានការសង្ស័យពីគុណភាពនៃការវាយតម្លៃ ការទទួលខុសត្រូវ និងភាពជឿជាក់របស់សាធារណជនចំពោះស្ថាប័ន។

ដើម្បីបញ្ចៀសការរិះគន់ និងពង្រឹងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល គួរបញ្ជាក់ជាសាធារណៈអំពីមូលហេតុនៃការប្រគល់ភារកិច្ចនេះ ព្រមទាំងបង្ហាញមូលដ្ឋានច្បាប់ ឬបទបញ្ជាដែលអនុញ្ញាតឱ្យមន្ត្រីជំនាញខាងលូទឹក ទៅអនុវត្តការងារវាយតម្លៃការខូចខាតសម្បត្តិសាធារណៈពីគ្រោះថ្នាក់ចរាចរណ៍។

ជុំវិញរឿងរ៉ាវខាងលើនេះ បណ្ដាញសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកបូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលបាននៅឡើយនោះទេ។

ស្ថាប័នរដ្ឋដែលមានការគ្រប់គ្រងល្អ គឺជាស្ថាប័នដែលដាក់មនុស្សឱ្យត្រូវនឹងការងារ ប្រើអ្នកមានជំនាញឱ្យចំជំនាញ និងធានាថា ការសម្រេចចិត្តគ្រប់យ៉ាងមានតម្លាភាព អាចពន្យល់បាន និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ ប្រសិនបើមានភាពមិនប្រក្រតី មន្ត្រីពាក់ព័ន្ធគួរតែបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យការសង្ស័យក្លាយជាវិបត្តិទំនុកចិត្តចំពោះស្ថាប័នសាធារណៈ៕

img 20260725 070310 630 img 20260724 141639 786

Scroll to Top