លោកស្រី Angelina Jolie ចេញសាររំលឹកខួប ១ឆ្នាំ នៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញក្តីអាណិតអាសូរដល់ជនភៀសខ្លួន

លោកស្រី Angelina Jolie ចេញសាររំលឹកខួប ១ឆ្នាំ នៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញក្តីអាណិតអាសូរដល់ជនភៀសខ្លួន

ភ្នំពេញ៖ តារាសម្តែងហូលីវូដ និងជាអ្នកប្រយុទ្ធប្រឆាំងដើម្បីមនុស្សធម៌ដ៏ល្បីល្បាញលើពិភពលោក លោកស្រី Angelina Jolie បានចេញផ្សាយនូវសារលិខិតផ្លូវការមួយ រំលឹកអំពីខួបមួយឆ្នាំនៃជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ដោយបានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋកម្ពុជាជិត ៣០,០០០ នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយ។

លោកស្រីបានបញ្ជាក់ថា ជម្លោះប្រដាប់អាវុធដែលបានផ្ទុះឡើងកាលពីមួយឆ្នាំមុន បានបំផ្លាញនូវស្ថិរភាព និងសុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់ព្រំដែនយ៉ាងធ្ងន់ធ្ងរ។ លោកស្រីបានលើកឡើងថា៖

«កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំ (Maddox) ជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល ២០ឆ្នាំមកនេះ យើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍លើការអភិរក្ស និងការអភិវឌ្ឍ»។

លោកស្រី Jolie បានបន្តទៀតថា មូលនិធិ Maddox Jolie-Pitt Foundation របស់លោកស្រី មានទីស្នាក់ការស្ថិតនៅក្នុងតំបន់ព្រំដែន ដែលជាទីតាំងរងការប៉ះទង្គិចគ្នានោះតែម្តង។ កាលពីឆ្នាំមុន នៅពេលសង្គ្រាមផ្ទុះឡើង អង្គការរបស់លោកស្រីត្រូវបានបង្ខំចិត្តជម្លៀសបុគ្គលិក និងគ្រួសាររបស់ពួកគេចេញពីតំបន់គ្រោះថ្នាក់ ជាបទពិសោធន៍ដ៏ឈឺចាប់មួយដែលបង្ហាញថា វិបត្តិ និងជម្លោះអាចកើតឡើងវិញបានយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណា លោកស្រីបានសម្តែងនូវកើនសោមនស្សរីករាយ ដែលបច្ចុប្បន្នអង្គការរបស់លោកស្រីបានចាប់ផ្តើមដំណើរការការងារឡើងវិញ ក្នុងការជួយដោះគ្រាប់មីន ការពារព្រៃឈើ និងគាំទ្រដល់សុខុមាលភាពរស់នៅរបស់ប្រជាសហគមន៍។

នៅចុងបញ្ចប់នៃសារ លោកស្រីបានសង្កត់ធ្ងន់ដោយក្តីក្តុកក្តួលថា៖

«ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ»។

សាររបស់តារាហូលីវូដរូបនេះ បានឆ្លុះបញ្ចាំងពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជា និងបានដាស់តឿនពិភពលោកអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែនមួយនេះ៕

img 20260724 123951 187 img 8178 fb img 1784871578792 fb img 1784871573939 fb img 1784871571132

Scroll to Top