ករណីរថយន្តដឹកអុសប៉ះបង្កាន់ដៃស្ពានខាងក្រសួង សាធារណការថាផាកពិន័យ៨០០ដុល្លារ នៅគ្រាដែលមន្ត្រីស្រុកមុខកំពូលថាអស់២០០០ដុល្លារ

ករណីរថយន្តដឹកអុសប៉ះបង្កាន់ដៃស្ពានខាងក្រសួង សាធារណការថាផាកពិន័យ៨០០ដុល្លារ នៅគ្រាដែលមន្ត្រីស្រុកមុខកំពូលថាអស់២០០០ដុល្លារ

ខេត្តកណ្ដាល៖ មន្ត្រីធ្វើការបម្រើប្រជាពលរដ្ឋដូចគ្នា ប៉ុន្តែបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍មិនដូចគ្នាទេ។ ជាក់ ស្ដែងករណីរថយន្តដឹកអុស១គ្រឿង បុកប៉ះបង្គោលដៃស្ពានព្រែកតាមាក់ ត្រូវមន្ត្រីសាលាស្រុកមុខកំពូល ទារ ប្រាក់២០០០ដុល្លារ ក្នុងពេលដែលមន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនប្រកាសថារថយន្តខាងលើរងការផាកពិន័យតែ ៨០០ ដុល្លារ។ យ៉ាងណា ក៏ដោយរថយន្តដឹកអុសនោះ ត្រូវគេអូសយកមករក្សា ទុកនៅក្រោមស្ពានព្រែកតាមាក់ អស់រយៈពេល២០ថ្ងៃមកហើយ។

បើតាមប្រភពព័ត៌មានពីបុរសម្ចាស់រថយន្តដឹកអូសបានឲ្យដឹងថា រថយន្តរបស់លោកបានខូចហើយជ្រុលបុកប៉ះបង្គោលដៃស្ពាន បណ្ដាលឲ្យខូចខាតតិចតួច ដែលទង្វើទាំងនេះ លោកជាអ្នកបើកបរទទួលខុស ត្រូវទាំងស្រុងចំពោះការខូចខាតសម្បត្តិរដ្ឋ ។ ក្រោយកើតហេតុរថយន្តដែលមានអុស ពេញត្រូវបានស្ទូចអូសយកមករក្សាទុកនៅក្រោមស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកបានបញ្ជាក់ថា លោកទទួល ខុសត្រូវទាំងស្រុង ចំពោះករណីបង្កឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់បង្គោលដៃស្ពាននោះ។

ម្ចាស់រថយន្តខាងលើនេះបានប្រាប់ថា លោកបានរកការ សម្របសម្រួល ពីមន្ត្រីមានសមត្ថកិច្ចស្រុកមុខកំពូល ក្នុងនោះមានមន្ត្រីម្នាក់ឈ្មោះព្រំ ភិរម្យ ដោយក្នុងនោះត្រូវបង់ប្រាក់ផាកពិន័យចំនួន២ពាន់ដុល្លារ។ យ៉ាងណា ក៏ដោយលោកភិរម្យបានសម្របសម្រួលជាមួយថ្នាក់លើរបស់ខ្លួន ដោយទាសំណងពីអ្នកបើកបររថយន្តក្នុងទំហំទឹកប្រាក់តែ១៥០០ដុល្លារប៉ុណ្ណោះ។ ទឹកប្រាក់១៥០០ ដុល្លារ ក៏នៅតែច្រើនសម្រាប់អ្នកបើកបររថយន្តខាងលើនេះ ដោយលោកទាមទារសុំបើករថយន្តដឹកអុសយកទៅលក់ដើម្បីយកប្រាក់មកទូទាត់។ ប៉ុន្តែលោកភិរម្យមិនអនុញ្ញាតឲ្យយកអុសទៅលក់នោះឡើយ។

មិនមានការសម្របសម្រួលចរចាណាមួយ ដើម្បីរកច្រក ចេញរវាងអាជ្ញាធរស្រុកមុខកំពូល និងបុរសអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះឡើយ។ អ្វីៗត្រូវអូសបន្លាយរហូតដល់ព្រឹកថ្ងៃទី២៣ ខែកក្កដានេះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ។ 

បុរសអ្នកបើកបររថយន្តបានប្រាប់ថា ករណីគ្រោះថ្នាក់ខាងលើបានកើតឡើងនៅព្រឹកថ្ងៃទី 2 ខែកក្កដាឆ្នាំ 2026 ហើយលោកបានព្យាយាមសុំសម្របសម្រួលពីលោកព្រំ ភិរម្យដើម្បីរកដំណោះស្រាយសមស្រប។ ក្នុងនោះ លោកសុំដឹកអុសយកទៅទម្លាក់នៅរោងឡឥដ្ឋនៅខាងកើតស្ពានព្រែកតាមាក់,ដើម្បីបានប្រាក់យកមកដោះស្រាយ។ ក៏ប៉ុន្តែលោកព្រំ ភិរម្យ មិនអនុញ្ញាត។

ក្នុងសំណុំរឿងបង្កគ្រោះថ្នាក់ធ្វើឲ្យខូចខាតដល់សម្បត្តិសាធារណៈនេះ លោកផន រឹម អ្នកនាំពាក្យក្រសួង សាធារណការនិងដឹកជញ្ជូនបានប្រាប់អ្នកកាសែតថាករណីខាងលើនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ ៨០០ដុល្លារ។

សំណួរបានលេចឡើងថា តើលោកព្រំ ភិរម្យជានរណា? ហើយការកំណត់តម្លៃរបស់លោកភិរម្យសំអាងទៅលើអ្វីនិងថាតើរវាងលោកភិរម្យ និងលោកផន រឹម នរណាជាអ្នកមានភាពត្រឹមត្រូវក្នុងជំហរនៃដំណោះស្រាយដើម្បីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ? តើការឃាត់ទុករថយន្តដឹកអុសនេះ អស់រយៈពេលជាង២សប្តាហ៍នោះនរណាជាអ្នកទទួលខុសត្រូវ?។

គេហទំព័រយើងខ្ញុំរង់ចាំការឆ្លើយតបពីលោកព្រំ ភិរម្យ មន្ត្រីនៅសាលាស្រុកមុខកំពូលគ្រប់ពេលវេលា៕

videocapture 20260724 113642 videocapture 20260724 113604 videocapture 20260724 113525 videocapture 20260724 113522 videocapture 20260724 113419

Scroll to Top