ភ្នំពេញ៖ មន្ត្រីជំនាញនៃ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការបន្លំ (ក.ប.ប.) បានបើកប្រតិបត្តិការក្តៅៗ ចុះបង្ក្រាប និងឃ្លុំបេបិទទីតាំងស្តុក និងចែកចាយសាប៊ូស្ពៃក្លែងក្លាយម៉ាក Empress ដ៏ធំមួយកន្លែង ដែលមានស្តុកទុកទំនិញខុសច្បាប់រាប់តោន ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបដ៏មានប្រសិទ្ធភាពនេះ មិនមែនជាការចៃដន្យឡើយ! ផ្ទុយទៅវិញ គឺធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ពី សហគ្រាស LSV Industry ដែលជាក្រុមហ៊ុនស្របច្បាប់តែមួយគត់ មានសិទ្ធិផលិត និងចែកចាយសាប៊ូស្ពៃម៉ាក Empress នៅកម្ពុជា។
ក្រោយទទួលបានបណ្តឹងភ្លាម ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញ ក.ប.ប. បានបើកការស៊ើបអង្កេតជាបន្ទាន់ រហូតកំណត់មុខសញ្ញា និងស្វែងរកឃើញទីតាំងលាក់ខ្លួនរបស់ក្រុមជនខិលខូចទាំងនោះយ៉ាងច្បាស់ក្រឡែត។
កម្លាំងចម្រុះបានចុះត្រួតពិនិត្យទីតាំងលាក់កំបាំងមួយកន្លែង មានផ្ទះលេខ ១៣៩ ផ្លូវលេខ ២៨៦ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការជាក់ស្តែង សមត្ថកិច្ចបានរកឃើញភស្តុតាងស្តែងៗ ដោយទីតាំងនោះកំពុងធ្វើសកម្មភាពស្តុកទុកនូវផលិតផលសាប៊ូស្ពៃ ក្លែងក្លាយយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងបាន និងកំពុងធ្វើសកម្មភាពចែកចាយចូលទៅក្នុងទីផ្សារ បន្លំភ្នែកអ្នកប្រើប្រាស់ ដោយរំលោភលើម៉ាកសញ្ញាសាប៊ូស្ពៃ Empress របស់សហគ្រាស LSV Industry ទាំងស្រុង។
នេះជាករណីរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងជាអំពើបោកប្រាស់អ្នកប្រើប្រាស់យ៉ាងអនាធិបតេយ្យ ដែលមិនអាចលើកលែងឱ្យបានឡើយ!
ជាលទ្ធផល ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានសម្រេច ឃ្លុំបេបិទច្រកចេញ-ចូលទីតាំងបណ្តោះអាសន្ន ដើម្បីទប់ស្កាត់មិនឱ្យមានការចរាចរណ៍ទំនិញចេញ-ចូលបន្តទៀត។
កោះហៅម្ចាស់ទីតាំង (ជនជាតិចិន) ឱ្យចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីប្រមូលភស្តុតាងបន្ថែម និងដេញដោលរកប្រភពដើម នៃខ្សែសង្វាក់ផលិតកម្មក្លែងក្លាយ ឈានទៅវែកមុខអ្នកពាក់ព័ន្ធ ឬមេខ្លោងនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់។
បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្នុងដៃសមត្ថកិច្ចជំនាញ ក.ប.ប. ក្នុងការអនុវត្តនីតិវិធីបន្ត មុននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញដូរផលិតផល និងសូមចូលរួមរាយការណ៍ជាបន្ទាន់ ប្រសិនបើជួបប្រទះករណីសង្ស័យពាក់ព័ន្ធនឹងទំនិញក្លែងក្លាយ ដើម្បីរួមគ្នាកសាងបរិយាកាសអាជីវកម្មមួយស្អាតស្អំ និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា!៕


