Update៖ ពលរដ្ឋក្រុងដូនកែវបារម្ភពីវិបត្តិទឹកស្អាត ខណៈបឹងតាកែវត្រូវបានចាក់ដីលុប ឯមន្ត្រីជំនាញមិនទាន់បំភ្លឺច្បាស់

Update៖ ពលរដ្ឋក្រុងដូនកែវបារម្ភពីវិបត្តិទឹកស្អាត ខណៈបឹងតាកែវត្រូវបានចាក់ដីលុប ឯមន្ត្រីជំនាញមិនទាន់បំភ្លឺច្បាស់

ខេត្តតាកែវ៖ ក្តីបារម្ភជាថ្មីបានស្តែងឡើងក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ បន្ទាប់ពីសកម្មភាពចាក់ដីលុបផ្នែកខ្លះនៃ «បឹងតាកែវ» នៅតែបន្តកើតមាន។ បឹងធម្មជាតិមួយនេះ គឺជាប្រភពទឹកស្អាតយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ នៅក្នុងតំបន់។

ការកាត់បន្ថយទំហំផ្ទៃបឹងជាបន្តបន្ទាប់ បានធ្វើឱ្យមហាជនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសមត្ថភាពរក្សាស្ដុកទឹក និងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។ ពលរដ្ឋបានលើកជាសំណួរថា ប្រសិនបើប្រភពទឹកស្អាតនេះត្រូវខូចខាត ឬខ្វះខាតនាពេលអនាគត តើនឹងមានដំណោះស្រាយទប់ទល់បែបណា ហើយស្ថាប័នណានឹងជាអ្នកទទួលខុសត្រូវ?

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបញ្ជាក់ថា ទីតាំងដែលកំពុងចាក់ដីលុបនាពេលនេះ គឺជាផ្នែកមួយនៃអាងស្តុកទឹកធម្មជាតិដែលបំរើឱ្យប្រព័ន្ធទឹករបស់ក្រុងដូនកែវទាំងមូល។ ពួកគាត់បានគូសបញ្ជាក់ថា ពួកគាត់មិនបានប្រឆាំងនឹងការអភិវឌ្ឍនោះទេ ប៉ុន្តែស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យ និងសិក្សាឱ្យបានម៉ត់ចត់ ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍មិនធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិ និងផលប្រយោជន៍សាធារណៈរយៈពេលវែងឡើយ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក ឱក សុវណ្ណា អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានឱ្យដឹងថា ការចាក់ដីនៅផ្នែកខាងលិចបឹង គឺជាគម្រោងរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងសាងសង់វេទិកាប្រណាំងទូកសម្រាប់ពិធីបុណ្យអុំទូក និងការរៀបចំជាសួនសាធារណៈសម្រាប់ពលរដ្ឋសម្រាកកម្សាន្ត។ លោកបានបន្ថែមថា ព័ត៌មាននេះ ផ្អែកលើផែនការអភិវឌ្ឍន៍ដែលរដ្ឋបាលខេត្តបានបង្ហាញនាពេលកន្លងមក។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតែទទូចសុំឱ្យអាជ្ញាធរជួយបង្ហាញព័ត៌មានបច្ចេកទេសឱ្យបានច្បាស់លាស់បន្ថែមទៀត រួមមាន៖ ទំហំផ្ទៃបឹងជាក់ស្តែងដែលត្រូវចាក់ដី, លទ្ធផលនៃការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) និងវិធានការការពារប្រភពទឹកស្អាតជាយុទ្ធសាស្ត្រ។

ដើម្បីស្វែងរកការបកស្រាយបន្ថែមលើផ្នែកបច្ចេកទេស អ្នកសារព័ត៌មានបានទាក់ទងទៅ លោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ប៉ុន្តែ លោកមិនទាន់បានផ្តល់ការអត្ថាធិប្បាយលម្អិតជុំវិញករណីនេះនៅឡើយទេ ដោយបានណែនាំឱ្យសាកសួរទៅកាន់មន្ត្រីជំនាញ និងរដ្ឋបាលខេត្តវិញ។

ដោយឡែក អ្នកសារព័ត៌មានក៏បានព្យាយាមទាក់ទងទៅ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តតាកែវ ផងដែរ ប៉ុន្តែមិនទាន់អាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយត្រូវបិទទៅវិញ។

ខណៈសកម្មភាពចាក់ដីនៅតែបន្តដំណើរការ សាធារណជន និងប្រជាពលរដ្ឋក្រុងដូនកែវ កំពុងរង់ចាំមើលការបំភ្លឺផ្លូវការពីសំណាក់អាជ្ញាធរខេត្តតាកែវ ដើម្បីធានាថាការអភិវឌ្ឍក្រុង និងការអភិរក្សប្រភពទឹកស្អាតដែលជាឆ្នាំងបាយរបស់ពលរដ្ឋ ត្រូវបានធ្វើឡើងដោយមានតុល្យភាព និងការទទួលខុសត្រូវខ្ពស់៕

img 20260722 190757 121 img 20260722 190757 329 img 20260722 190757 266 img 20260722 190757 251 img 20260722 190757 227 img 20260722 190756 723 img 20260722 190756 661 img 20260722 190756 599 img 20260722 190756 552 img 20260721 175013 307 img 20260721 175012 842

Scroll to Top