បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេជាង ៨០០ម៉ែត្រ នៅឃុំត្រពាំងក្រសាំង គ្រោងថវិកាជិត ៤០០លានរៀល

បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេជាង ៨០០ម៉ែត្រ នៅឃុំត្រពាំងក្រសាំង គ្រោងថវិកាជិត ៤០០លានរៀល

ខេត្តតាកែវ៖ រដ្ឋបាលស្រុកបាទី បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែ ដែលមានប្រវែងសរុប ៨១០ម៉ែត្រ ដើម្បីបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅឃុំត្រពាំងក្រសាំង ស្រុកបាទី។

ពិធីបើកការដ្ឋាន បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិកណ្តាល ឃុំត្រពាំងក្រសាំង ក្រោមអធិបតីភាពលោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះជួយមូលដ្ឋានឃុំត្រពាំងក្រសាំង និងលោក សាយ វណ្ណៈ អភិបាលស្រុកបាទី ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់។

តាមគម្រោង ផ្លូវបេតុងអាមេនេះមានទទឹង ៦ម៉ែត្រ កម្រាស់ ១៥សង់ទីម៉ែត្រ និងគ្រោងចំណាយថវិកាជិត ៤០០លានរៀល ដែលជាថវិកាពីមូលនិធិឃុំ ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ រស់ សុភារ៉ាវី បានលើកឡើងថា ផ្លូវបេតុងថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់គុណភាពជីវិត និងជំរុញការអភិវឌ្ឍភូមិឃុំឱ្យកាន់តែមានសោភ័ណភាព និងរីកចម្រើន។

ជាមួយគ្នានេះ លោក សាយ វណ្ណៈ បានជំរុញឱ្យក្រុមហ៊ុនសាងសង់អនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីធានាគុណភាព និងភាពរឹងមាំរបស់ផ្លូវ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនេះ សម្រាប់ប្រើប្រាស់បានយូរអង្វែង។

អាជ្ញាធរបានបញ្ជាក់ថា ផ្លូវបេតុងអាមេថ្មីនេះ នឹងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅក្នុងមូលដ្ឋានស្រុកបាទីឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕

img 20260722 133914 747 img 20260722 133914 071 img 20260722 133914 129 img 20260722 133914 593 img 20260722 133914 791 img 20260722 133914 750 img 20260722 133914 767

Scroll to Top