ពលរដ្ឋព្រួយបារម្ភពីការរួញតូចនៃ «បឹងតាកែវ» ដោយសារសកម្មភាពចាក់ដីលុប ឯអាជ្ញាធរអះអាងថាជាគម្រោងអភិវឌ្ឍន៍សួន និងវេទិកាអុំទូក

ពលរដ្ឋព្រួយបារម្ភពីការរួញតូចនៃ «បឹងតាកែវ» ដោយសារសកម្មភាពចាក់ដីលុប ឯអាជ្ញាធរអះអាងថាជាគម្រោងអភិវឌ្ឍន៍សួន និងវេទិកាអុំទូក

ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ កំពុងបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពចាក់ដីលុបចូលទៅក្នុងផ្ទៃ «បឹងតាកែវ» ជាបន្តបន្ទាប់ ដែលជាប្រភពទឹកស្អាត ដ៏សំខាន់តែមួយគត់សម្រាប់ទ្រទ្រង់ការប្រើប្រាស់របស់ប្រជាជនទូទាំងក្រុង។ ពួកគាត់បានអំពាវនាវសុំឱ្យមានភាពស្មោះត្រង់ និងការបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ជុំវិញផលប៉ះពាល់បរិស្ថាន។

ដើមចម្បងនៃក្តីកង្វល់នេះ បានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋសង្កេតឃើញសកម្មភាពគ្រឿងចក្រចាក់ដីលុបផ្ទៃទឹក ដើម្បីធ្វើផ្លូវធ្វើដំណើរឆ្ពោះទៅកាន់អតីតសាលានយោបាយ ដែលទីតាំងនោះជាដីបឹងពីធម្មជាតិ។ មហាជនបានលើកឡើងថា ទោះបីជាមានការអភិវឌ្ឍក៏ដោយ ក៏អាជ្ញាធរគប្បីរក្សាឱ្យបាននូវ «តុល្យភាព» រវាងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិរក្សប្រភពទឹកធម្មជាតិ ដើម្បីចៀសវាងផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹង។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោក ឱក សុវណ្ណា អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ថា សកម្មភាពចាក់ដីនៅផ្នែកខាងលិចបឹងនោះ គឺជាគម្រោងផ្លូវការរបស់រដ្ឋបាលខេត្តតាកែវ។ លោកបានបន្តថា ផ្ទៃដីដែលកំពុងចាក់បំពេញនោះ គឺដើម្បីរៀបចំសាងសង់ «វេទិកាប្រណាំងទូក» សម្រាប់ព្រឹត្តិការណ៍បុណ្យអុំទូកប្រចាំខេត្ត និងការបង្កើត «សួនកម្សាន្តសាធារណៈ» សម្រាប់ប្រជាពលរដ្ឋ។

លោកអនុប្រធានមន្ទីរបានបន្ថែមថា ការបកស្រាយនេះ គឺផ្អែកលើទិន្នន័យដែលលោកបានទទួលក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំស្តាប់បទបង្ហាញអំពីផែនការមេអភិវឌ្ឍន៍របស់សាលាខេត្តតាកែវនាពេលកន្លងមក។

ទោះបីជាមានការបំភ្លឺពីមន្ត្រីអាជ្ញាធរយ៉ាងណាក្តី ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅតែសម្តែងបំណងចង់ឱ្យរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈឱ្យបានទូលំទូលាយបន្ថែមទៀត ជាពិសេសការបង្ហាញពី របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) និងវិធានការជាក់ស្តែងក្នុងការការពារជម្រៅ និងផ្ទៃបឹងដែលនៅសល់ ដើម្បីធានាថាការអភិវឌ្ឍបច្ចុប្បន្ន មិនបំផ្លាញប្រភពទឹក និងផលប្រយោជន៍សាធារណៈរបស់សហគមន៍នៅថ្ងៃអនាគតឡើយ៕

fb img 1784631694120 img 20260721 175013 307 img 20260721 175013 140 img 20260721 175013 259 img 20260721 175012 842 img 20260721 175013 303 img 20260721 175012 984 img 20260721 175013 163 img 20260721 175012 630

 

Scroll to Top